(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដឹកនាំដោយលោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាគណៈកម្មការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកុមារកំព្រាដែលងាយរងគ្រោះដោយសារមេរោគអេដស៍ នឹងជំងឺអេដស៍ចំនួន៤៥ នាក់នៅក្នុងស្រុកគោលដៅចំនួន៤ មានស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកពារាំង ខេត្តព្រៃវែង សម្រាប់ឆមាសទី១ ឆ្នាំ២០២០ ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២០នេះ។

លោកឧកញ៉ា សុខ ផេង ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ដោយត្រូវរស់នៅស្អាត ហូបស្អាតជាប្រចាំ នឹងត្រូវទទួលទានបន្លែ ដែល គ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ដល់ប្អូនៗឱ្យមានសុខភាពល្អរឹងមាំ និងត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យនិងពិគ្រោះយោបល់ សេវាថែទាំសុខភាព ឲ្យបានទៀងទាត់តាមការ កំណត់របស់គ្រូពេទ្យ និងហូបថ្នាំតាមវេជ្ជបញ្ជា ជាពិសេសទៅទៀតនោះត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាធនធានដ៏ល្អ ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិយើង និងមិនត្រូវបាក់ទឹកចិត្តនោះឡើយ។

លោកឧកញ៉ា ក៏បានផ្ដាំផ្ញើបន្តទៀតសូមឲ្យប្អូនៗ និងអាណាព្យាបាល ត្រូវចូលរួមអនុវត្តការពារទប់ស្កាត់នូវជម្ងឺកូវីដ១៩ តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាល ក្នុងការអនុវត្តន៍អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមក្នុងការទប់ស្កាត់មិនឲ្យមានការឆ្លងមកខ្លួន និងនៅក្នុងសហគមន៍ដោយត្រូវ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយ អ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។

សូមបញ្ជាក់ថា សម្ភារដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូននោះរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យូរ អាវយឺតចំនួន៥ ថវិកា ៥ម៉ឺនរៀល សាខាក៏បានផ្ដល់ជូនថវិកាចំនួន ២០ម៉ឺនរៀល ដល់លោក ញាណ សាអែម អនុប្រធានគណៈកម្មការ អនុសាខាស្រុកព្រះស្តេចដែលមានបញ្ហាសុខភាពនោះផងដែ៕