(កំពង់ចាម)៖ ប្រជាពលរដ្ឋ៣នាក់ក្នុងចំណោមមនុស្ស១១នាក់ បានបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកនេសាទ នៅកណ្តាលទន្លេក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាម៉ោង១០យប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
លោក សន សុខ មេឃុំកោះសំរោង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ចាម នៅយប់ថ្ងៃកើតហេតុឱ្យដឹងថា «មានករណីគ្រោះថ្នាក់ រវាងទូកនេសាទ បានបុកជាមួយនឹងទូករបស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពីចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន១១នាក់ ជិះលើកូនទូកនោះ ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ទូកនេសាទ បើកបុកនៅចំណុចកណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឱ្យលិចទូករបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន០៣នាក់ បានបាត់ខ្លួន និងម្នាក់ទៀតរងរបួស»។
មេឃុំរូបនេះបានឱ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ រួមមានទី១៖ ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន), ទី២៖ ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិទី២ (បាត់ខ្លួន), ទី៣៖ ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិទី២ (បាត់ខ្លួន) ដោយឡែកក្នុងករណីនេះឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិទី២ បានរងរបួសជើងឆ្វេង។
លោកមេឃុំកោះសំរោងបានបញ្ជាក់ថា ក្រោយកើតហេតុភាគីខាងទូកនេសាទបានរត់គេចខ្លួនបាត់។ ដោយឡែកចំពោះមនុស្សដែលបានបាត់ខ្លួន០៣នាក់ មកដល់ត្រឹមម៉ោង១០ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មិនទាន់រកឃើញនៅឡើយទេ៕