(ភ្នំពេញ)៖ ធនាគារ ស្ថាបនា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ សេវាបង្កើតគណនីធនាគារអនឡាញតាមរយៈកម្មវិធីធនាគារ តាមទូរស័ព្ទដៃ ហើយកម្មវិធីនេះនឹងធ្វើឲ្យការបង្កើតគណនីធនាគារ ជាមួយធនាគារស្ថាបនា កាន់តែមានភាពងាយស្រួលជាងមុនមួយកម្រិតទៀត ដោយអតិថិជនអាច បង្កើតគណនីធនាគារបានដោយចំណាយពេលត្រឹមតែ២នាទីប៉ុណ្ណោះ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ធនាគារស្ថាបនា។
មានគណនីជាមួយធនាគារជាមួយធនាគារ ស្ថាបនា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រកបដោយ ភាពប្រុងប្រយ័ត្ន និងអនុញ្ញាតឱ្យម្ចាស់គណនី ទទួលបានសេវាកម្មធនាគារដ៏សម្បូរបែប ព្រមទាំងទំនុកចិត្តខ្ពស់ផងដែរ ដោយពួកគាត់អាចដឹងថាទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវបានការពារយ៉ាងមានសុវត្ថិភាព។ ជាមួយនឹងមុខងារថ្មីដែលមាន នៅក្នុងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ខ្លួន ធនាគារ ស្ថាបនា បានធ្វើឲ្យការបង្កើតគណនីធនាគារ កាន់តែសាមញ្ញ និងងាយស្រួល ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីគណនីធនាគារ ស្ថាបនា អតិថិជនគ្រាន់តែទាញយកកម្មវិធីធនាគារតាមទូរស័ព្ទដែលមានឈ្មោះថា Sathapana Mobile ទៅក្នុងទូរស័ព្ទដៃ ដែលមាននៅក្នុងកម្មវិធី App Store ឬ Play Store ហើយអនុវត្តតាមការណែនាំងាយៗក្នុងការបង្កើតគណនីធនាគារ ដោយគ្រាន់តែប្រើលេខទូរស័ព្ទ ឬអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរសម្រាប់ពលរដ្ឋកម្ពុជា ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។
ចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ អតិថិជនក៏អាចបើកគណនីធនាគារមួយបាន និងអាចចាប់ផ្ដើមប្រើសេវាកម្មធនាគាររបស់ ធនាគារ ស្ថាបនា បានដែលមានដូចជា ការទូទាត់វិក្កយបត្រចំណាយ សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ការផ្ទេរប្រាក់ទៅដៃគូសហការដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ីម៉ាន់នី និងបាគង និងសេវាកម្មផ្សេងៗទៀតជាច្រើនទៀត។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានឱ្យថា ដោយសារចំនួនអ្នកចូលរួមក្នុងប្រពន្ធហិរញ្ញវត្ថុផ្លូវការ មានការកើនឡើងជាលំដាប់ ធនាគារ ស្ថាបនា បាននិងកំពុងខិតខំជម្រុញការអភិវឌ្ឍន៍ដើម្បីធានាថា ដំណើរឆ្ពោះទៅរកការដាក់បញ្ចូលហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រទេសជាតិ កាន់តែមានភាពងាយស្រួលបំផុត តាមដែលអាចធ្វើទៅបាន។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយនេះបានធ្វើឲ្យការបង្កើតគណនីធនាគារនៅប្រទេសកម្ពុជា ជាពិសេស មួយធនាគារស្ថាបនា កាន់តែសាមញ្ញ ងាយស្រួល និងចំណេញពេលវេលា។
លោក លឹម អូន បានបន្ថែមទៀតថា លោកអ្នកអាចបើកគណនីធនាគារបានយ៉ាងងាយស្រួល ពីគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពខ្ពស់តាមរយៈកម្មវិធីធនាគារ តាមទូរស័ព្ទដៃ (Sathapana Mobile) របស់ធនាគារស្ថាបនា ដែលមាននៅលើទូរស័ព្ទដៃ ដោយមិនចាំបាច់ធ្វើដំណើរទៅសាខាធនាគារនោះឡើយ។
ជាមួយគណនីធនាគារ អនឡាញ អតិថិជនអាចធ្វើប្រតិបត្តិការបាន២៥០ដុល្លារក្នុងមួយប្រតិបត្តិការ ប៉ុន្តែអតិថិជនអាចប្ដូរគណនីប្រភេទនេះ ឱ្យទៅជាគណនីដែលអាច ធ្វើប្រតិបត្តិការជាមួយទំហំទឹកប្រាក់ធំជាងមុនបានយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើដំណើរទៅកាន់សាខាធនាគារ ស្ថាបនា ណាមួយក៏បានក្នុងចំណោមសាខា ច្រើនជាង ១៧០ទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ ដែលបានប្រើពេលបើកគណនីអនឡាញនោះ ព្រមទាំងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លង ដែនជាការស្រេច។
បន្ថែមពីនេះទៀតចាប់ពីថ្ងៃទី១៣ ខែឧសភា តទៅ ធនាគារ ស្ថាបនា នឹងផ្តល់ជូនអតិថិជននូវជម្រើសថ្មីមួយទៀត នោះគឺការបើកគណនីធនាគារ តាមរយៈការជួបផ្ទាល់ ជាមួយបុគ្គលិកធនាគារស្ថាបនា ដែលនឹងចុះទៅដល់គេហដ្ឋាន ឫកន្លែងធ្វើការរបស់អតិថិជនដើម្បីបើកគណនីធនាគារជូន និងអាចដំណើរការបានភ្លាមៗតែម្តង។
សូមបញ្ជាក់ថា ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៧ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤,០០០នាក់។ ធនាគារ ស្ថាបនាមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង២២០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។
ធនាគារ ស្ថាបនា ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញរួមមាន សេវាឥណទាន, សេវាបញ្ញើ សេវា iBanking សេវាធនាគារតាមទូរស័ព្ទដៃ, ប័ណ្ណឥណពន្ធ និងឥណទាន, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះធនាគារក៏បានធ្វើការ សហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់មួយចំនួនទៀតរដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន៕