(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នឹងយាងនិវត្តន៍មកកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គបានគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន អស់រយៈពេលជាងមួយខែ។
មន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំង ថ្លែងប្រាប់អង្គភាពព័ត៌មានថា Fresh News ឲ្យដឹងថា នៅម៉ោងប្រមាណ៤រសៀលថ្ងៃនេះព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងមកដល់មាតុភូមិនេះវិញហើយ។ ព្រះរាជដំណើរយាងដល់របស់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មេរ នឹងមានការយាង និងអញ្ជើញទទួលព្រះរាជដំណើរពីព្រះញាតិវង្ស មន្ត្រីព្រះបរមរាជវាំង និងថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិផងដែរ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។
ក្នុងកំឡុងពេលគង់ប្រថាប់នៅក្នុងព្រះរាជដំណាក់នារដ្ឋធានីប៉េកាំង ប្រទេសចិន ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ទទួលបានការយកចិត្តទុកដាក់លើព្រះរាជសុខភាពយ៉ាងខ្ពស់បំផុតពីក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំចិត្ត។ ព្រះមហាក្សត្រខ្មែរ ក៏បានសព្វព្រះទ័យអអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំចិន ចូលបង្គំគាល់ទូលសួរពីព្រះរាជសុខភាព ក៏ដូចជាសវនាការលើការងារមួយចំនួនផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែឧសភា កន្លងទៅនេះ ព្រះអង្គបានសព្វព្រះទ័យឱ្យលោក វ៉ាង យី ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ចូលបង្គំគាល់ទូលសួរព្រះរាជសុខភាព និងសវនាការលើការងារមួយចំនួន។
ក្នុងជំនួបសវនាការនោះព្រះមហាក្សត្រខ្មែរ និងលោក វ៉ាង យី បានលើកឡើងនូវបញ្ហាជាច្រើនពាក់ព័ន្ធលើការទំនាក់ទំនងជាប្រពៃណី និងស្អិតល្មួតរវាងកម្ពុជា និងចិន ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។
លោក វ៉ាង យី បានគូសបញ្ជាក់ក្នុងសវនាការនោះថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនង ជាមិត្តភាពមួយដែលមិនអាចបំបែកបាន។ ប្រមុខការទូតចិន បានបន្ថែមថា មិត្តភាពកម្ពុជា និងចិន គឺជាចំណងមិត្តភាពដែលបានទប់ទល់ទៅនឹងការសាកល្បងនៃការផ្លាស់ប្តូរអន្តរជាតិ ហើយជាគំរូនៃការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រទេស និងរដ្ឋ។
ព្រះមហាក្សត្រខ្មែរ ក៏បានបង្ហាញទឹកព្រះទ័យពីការបន្តប្រឹងប្រែងរក្សា និងរឹតចំណងមិត្តភាពបន្សល់ទុកពីព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ និងអ្នកដឹកនាំជំនាន់មុនរបស់ចិននេះ ឱ្យរឹងរឹតតែរឹងមាំបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។
ព្រះអង្គ បានបង្ហាញទឹកព្រះទ័យជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-ចិន នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយមិត្តភាពប្រជាជន នឹងបន្តកាន់តែស៊ីជម្រៅថែមទៀតផងដែរ។
ក្នុងជំនួបសវនាការនេះ ព្រះមហាក្សត្រខ្មែរ ក៏បានផ្លាស់ប្តូរព្រះរាជយោបល់ និងទស្សនៈលើការរីករាតត្បាតជំងឺកូវីដ១៩ ជាមួយលោក វ៉ាង យី ផងដែរ។
ព្រះមហាក្សត្រខ្មែរ បានស្ញប់ស្ញែង និងកោតសរសើរខ្ពស់ចំពោះចំណាត់ការទាំងឡាយរបស់ថ្នាក់ដឹកនាំចិនក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។ ព្រះអង្គក៏បានអរគុណដល់ថ្នាក់ដឹកនាំចិនផងដែរ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់សម្ភារបរិក្ខារជាច្រើនដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមរំលឹកថា ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន មួយឆ្នាំចំនួនពីរដង តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។
ក្នុងកំឡុងពេលព្រះអវត្តមានពីប្រទេសនេះ ព្រះរាជកិច្ចរបស់ព្រះអង្គ ត្រូវបានប្រគល់ជូនទៅប្រធានព្រឹទ្ធសភា។ ក្នុងកំឡុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រជាងមួយខែមកនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមជាប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពមានអាសន្ន និងបានចុះហត្ថលេខាតែងតាំងមន្ត្រីជាអនុរដ្ឋលេខា រដ្ឋលេខា មន្ត្រីយោធា និងមន្ត្រីនគរបាលមួយចំនួនផងដែរ៕