(សៀមរាប)៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង តំណាងនាយឧត្តមសេនីយ៍ ស៊ុ សំណាង ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះ ជួយស្រុកប្រាសាទបាគង ខេត្តសៀមរាប និងលោក ទេព សំអាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល បាននាំគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់អតីតមន្ត្រីគណៈកម្មាការទ្រទ្រង់សុខភាពប្រចាំភូមិ ដែលបានចូលនិវត្តន៍ និងមន្ត្រីកំពុងសម្រាកព្យាបាលជំងឺ។
ការនាំគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់អតីតមន្ត្រីគណៈកម្មាការទ្រទ្រង់សុខភាពប្រចាំភូមិ និងលោកមេភូមិអូ ដែលកំពុងសម្រាកព្យាបាលជំងឺនេះ បានធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លឹម សម្បត្តិ អធិការនគរបាលស្រុក លោកស្រី ម៉ិល សុគង្គា មេឃុំកណ្តែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផងដែរ។
នាឱកាសនោះដែរ អតីតមន្ត្រីគណៈកម្មាការទ្រទ្រង់សុខភាពប្រចាំភូមិ ដែលបានចូលនិវត្តន៍ និងលោកមេភូមិអូ ក្នុងស្រុកប្រាសាទបាគង ដែលកំពុងមានជំងឺសម្រាកព្យាបាល នៅផ្ទះរំភើបរហូតដល់ស្រក់ទឹកភ្នែក បន្ទាប់ពីក្រុមការងារបានអញ្ជើញជួបសាកសួរសុខទុក្ខ និងនាំនូវអំណោយជាគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនពួកគាត់គេហដ្ឋាន។
អំណោយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន៖ ក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មីយើង ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ២យួរ, សារប៊ូ២ដុំ, ខ្ទឹមសរ ១ថង់ និងថវិកាមួយចំនួន៕