(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ លោក គ្រីស្ទាន ប៊ឺហ្គ័រ (Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានចូលជួប លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ជាថ្មីម្តងទៀតនៅក្នុងគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក មុត ចន្ថា បានបង្ហោះនៅលើបណ្តាញសង្គម Facebook ថា នៅក្នុងជំនួបនេះ លោកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសាទរចំពោះជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក កឹម សុខា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ហើយលោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញ នូវការគាំទ្រចំពោះការជួបនេះដោយចាត់ទុកថាជារឿងវិជ្ជមាន។
ក្រៅពីសាទរជំនួបនោះលោក កឹម សុខា និង លោកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានពិភាក្សាគ្នា អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពអនាគតទៀត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា បានចូលគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅគេហដ្ឋានសម្តេចតេជោក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសចូលគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នោះ លោក កឹម សុខា បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមាណជិត៥០នាទី។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ទទួលបានការចាប់អារម្មណ៍ខ្ពស់បំផុតពីស្រទាប់មហាជនខ្មែរ៕