(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ឲ្យដឹងថា គិតរហូតមកដល់ពេលនេះ មានពលករខ្មែរនៅប្រទេសថៃ ចំនួនប្រមាណ៩២,០០០នាក់ បានត្រឡប់ចូលមកប្រទេសកម្ពុជា។
បន្ថែមពីនោះទៀត លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ពលករខ្មែរនៅប្រទេសថៃ ដែលបានត្រឡប់ចូលកម្ពុជា ទាំង៩២,០០០នាក់ ត្រូវបានធ្វើចត្ដាឡីស័កទាំងអស់ រួចរាល់ហើយ និងមិនមាននរណាម្នាក់ រកឃើញមានជំងឺកូវីដ-១៩នោះទេ។
ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូបថា មកដល់ពេលនេះ ពលកររបស់យើងនៅថៃ ប្រហែលជា៩២,០០០នាក់ ដែលមក។ ហើយយើងបាន ត្រូតពិនិត្យសុខភាពទាំងអស់ ហើយយើងពុំមានរកឃើញវីរុសកូវីដ-១៩ទេ»។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្ថែមថា «ក្រោយពីនឹង យើងឲ្យក្រុមចុះស្រាវជ្រាវបន្ថែមទៀត លើការងារនេះ គឺខាងសុខភាពសាធារណៈ ឲ្យចុះទៅខេត្តបន្ទាយមានជ័យ ទៅស្រង់យកសំណាក ជាង២ពាន់ទៀត ក៏ពុំរកឃើញវិជ្ជមានកូវីដ-១៩ដែរ»។
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់ នៅសេសសល់តែ២នាក់ប៉ុណ្ណោះ ក្នុងចំណោម១២២ករណីនៅកម្ពុជា ដែលកំពុងសម្រាកព្យាបាល។
បើតាមលោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលព្យាបាលយូរជាងគេ ដោយសារអ្នកជំងឺម្នាក់ នៅខេត្តកំពង់ឆ្នាំង អាយុ៧៥ឆ្នាំ មានជំងឺទឹកនោមផែ្អម លើសឈាម និងអ្នកជំងឺម្នាក់ទៀត អាយុ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ មានជំងឺផ្លូវចិត្ត។
ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាវិធានការនានារបស់ខ្លួន ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការទាំងអស់នោះ ដោយសារតែស្ថានភាពកូវីដ១៩ នៅតែផុយស្រួយនៅឡើយ នៅក្នុងប្រទេសកម្ពុជា៕