(ភ្នំពេញ)៖ លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) បានអះអាងប្រាប់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៣។

អះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក លូ វី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ នៅទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ក្នុងជំនួបនោះ លោក លូ វី បានរាយការណ៍អំពីវឌ្ឍនភាពការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល៣៦ខែ។

លោកបន្តថា ដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសារសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់។

លោករដ្ឋមន្ត្រី បានជំរុញ និងឯកភាពឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ី ធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈមរកដំនោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី២៥ ប្រចាំខែ ដើម្បីពិនិត្យ លើវឌ្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន។

ជាមួយគ្នានេះ លោក លូ វី បានគោរពអញ្ជើញលោករដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ ទៅធ្វើទស្សនកិច្ច និងពិនិត្យលើការងារសាងសង់ តាមពេលវេលាសមស្របឆាប់ៗខាងមុខ។

សូមជម្រាបថា អាកាសយានដ្ឋានសៀមរាបថ្មី ជាការវិនិយោគ ដោយក្រុមហ៊ុនយូណានរបស់ចិន មានទឹកប្រាក់ជាង៩៨០លានដុល្លារ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី១.៧០០ហិកតា៕