(កំពត)៖ លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ពាស់ មុស្លិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញសំណេះសំណាល និងនាំអំណោយជាអង្ករ ដែលទទួលបានពីអង្គការ Muslimehelfen ប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤៣៩គ្រួសារ នៅខេត្តកំពត។

ពលរដ្ឋដែលទទួលបានអំណោយនោះរួមមាន នៅភូមិទទឹងថ្ងៃលិច និងទទឹងថ្ងៃកើត ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត សរុបចំនួន៣០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១៥គីឡូក្រាម និងប្រជាពលរដ្ឋនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ១៣៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ទទួលបានអង្ករ ១៥គីឡូក្រាម មី ស្ករសរ អូវ៉ាន់ទីន អំបិល មួយចំនួន។

ក្នុងនាមលោក សុះ មុះសិន សមាជិកសភា និងជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា, លោក ម៉ាន សុគ្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទោះក្នុងស្ថានភាព ដែលមួយរយៈពេលចុងក្រោយនេះ នៅកម្ពុជា មិនបានរកឃើញករណីថ្មី នៃការឆ្លងជំងឺកូវីដ១៩ទេ ហើយអ្នកជាសះស្បើយក៏បានជាស្ទើរទាំងស្រុង នៅសល់តែ២នាក់ ក្នុងចំណោម១២២នាក់ តែបងប្អូនត្រូវបន្តការប្រុងប្រយ័ត្នជានិច្ច ដូចកាលពីដើម ដោយមិនត្រូវធ្វេសប្រហែស ជាពិសេសត្រូវបន្តអនុវត្ត តាមសារាចរ ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

លោកបានបន្តថា ដរាបណានៅមិនទាន់មានការជូនដំណឹងណាមួយសារជាថ្មី របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺយើងទាំងអស់ត្រូវតែបន្តអនុវត្តតាម វិធានការផ្សេងៗ ទប់ស្កាត់កាតឆ្លងជំងឺនេះ និងត្រូវអនុវត្តតាមសេចក្តីប្រកាសរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា៕