(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រទាន ព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត Peter Studer អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផា ប្រចាំនៅប្រទេសស្វីស។

យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ព្រះអង្គបានសម្តែងព្រះទ័យសោកស្តាយជាពន់ពេក ចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត Peter Studer ដែលជាមនុស្សម្នាក់ប្រកបដោយចិត្តធម៌ សម្រាប់ប្រទេសកម្ពុជាទាំងមូល។

ព្រះមហាក្សត្រមានព្រះបន្ទូលក្នុងព្រះរាជសាររំលែកទុក្ខនោះថា «គាត់ជាមនុស្សមានចិត្តធម៌សម្រាប់កម្ពុជា ហើយគាត់បានបន្តការព្យាបាលជិត៣ទសវត្សរ៍ជាមួយនឹងលោកវេជ្ជបណ្ឌិត Beat Richner ធ្វើឲ្យកុមារកម្ពុជាទាំងអស់ ស្ថិតក្នុងលក្ខខណ្ឌសុខភាពល្អបំផុត។ សេចក្តីក្លាហាន និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា និងអភិវឌ្ឍន៍ការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា បានធ្វើឲ្យមានការគោរពកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា»

សូមបញ្ជាក់ថាលោក Peter Studer បានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នៅប្រទេសស្វីស។ សពលោក Peter Studer ត្រូវបូជានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅប្រទេសស្វីសផងដែរ៕