(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ អមដំណើរដោយលោក រដ្ឋ ដាស៉ីណង់ អភិបាលស្រុកមង្គលបូរី អាជ្ញាធរ មន្ត្រីរាជការ និងសមត្ថកិច្ចមូលដ្ឋាន បានបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូចំនួន៣ខ្សែ ក្នុងស្រុកមង្គលបូរី។

ការបើកការដ្ឋានស្ថាបនាផ្លូវ៣ខ្សែនេះ រួមមាន៖ ផ្លូវក្នុងភូមិនាងកេត ឃុំឬស្សីក្រោក ១ខ្សែ ប្រវែង ១៦៣៦ម៉ែត្រ ចាក់កៅស៊ូ និងប្រវែង ២០០០ម៉ែត្រ តភ្ជាប់ដល់ឃុំបត់ត្រង់ ក្រាលគ្រួសក្រហម ខ្សែទី២ ពីភូមិសំរោង តភ្ជាប់ដល់ភូមិអញ្ចាញ ឃុំឬស្សីក្រោក ប្រវែង ២៤៤០ម៉ែត្រ ក្រាលនៅកៅស៊ូ និង១ ខ្សែទៀត ពីភូមិជំទាវ តភ្ជាប់ទៅដល់ឃុំតាឡំ ប្រវែង ២០០០ម៉ែត្រ ក្រាលកៅស៊ូ។

លោក អ៊ុ រាត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបូករួមជាមួយអង្គភាពពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបម្រើ និងដោះស្រាយបញ្ហា នៅមូលដ្ឋានជាអទិភាពខ្ពស់។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកផ្លូវថ្នល់ជាវិស័យអាទិភាពខ្ពស់មានសារៈសំខាន់ ហើយបាននិងកំពុងប្រែក្លាយជាបណ្តើរៗ ផ្លាស់ប្តូរពីផ្លូវដីមកជាផ្លូវក្រាលគ្រួសថ្មមិច ហើយកំពុងផ្លាស់ប្តូរមកជាចាក់កៅស៊ូ ឬចាក់បេតុង ស្របតាមគោលការណ៏ជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ដូចនេះផ្លូវជាសរសៃរឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បម្រើផល ប្រយោជន៏ប្រជាពលរដ្ឋសង្គមជាតិ មានផ្លូវមានក្តីសង្ឃឹម និងមានការរីកចម្រើន។

ចុងក្រោយ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ចូលរួមសហការណ៍ដូចជា កាប់ដើមឈើ បង្ខិតរបង ដើម្បីផ្លូវបានធំទូលាយ ហើយម្យ៉ាងទៀតហាមរថយន្តដឹកនាំទំនិញធុនធ្ងន់ ឆ្លងកាត់បញ្ចៀសការខូចខាតផ្លូវប្រើប្រាស់មិនបានយូរ។

ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវនេះផងដែរ លោក ឪ កញ្ញា បានចែកជូនជាសារុងម្នាក់ចំនួន១ ដល់ប្រជាពលរដ្ឋចូលរួមផងដែរ៕