(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង លើកទី៤ ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្ដការការពារ ការចម្លងវីរុសកូវីដ១៩ និងវិធានការអនុវត្ដបន្ដ។

ជាពិសេស ដើម្បីទទួលនូវមតិយោបល់របស់ប្រធានស្ថាប័ន ឬតំណាងនៃគណៈកម្មការអន្ដរក្រសួង និងការងារផ្សេង ក្នុងការបន្ដដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ដ សម្រាប់កែតម្រូវវិធានការ នៅក្នុងបរិបទប្រយុទ្ធជំងឺកូវីដ១៩នៅកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួង។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា កិច្ចប្រជុំនៅព្រឹកនេះ នឹងទទួលបាននូវមតិយោបល់សំខាន់ៗ សម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩, បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩, ការវាយតម្លៃ និងការឆ្លើយតប ក្នុងករណីមានការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

សូមជម្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីទេ តែមានករណីជាសះស្បើយម្នាក់បន្ថែមទៀត ធ្វើឱ្យអ្នកជាសះស្បើយសរុបចំនួន១២១នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ចំនួន១នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕