(ស្ទឹងត្រែង)៖ រុក្ខជាតិព្រៃមួយប្រភេទ ដែលគេហៅថា ទំពាំងព្រិច ពេលវាចាប់ផ្តើមដុះនៅដើមរដូវវស្សាត្រូវបានអ្នកស្រុក កាត់យកមកធ្វើម្ហូប និងលក់នៅលើទីផ្សារ។
ជាច្រើនឆ្នាំកន្លងមកគេហាក់បីដូចមិនចាប់អារម្មណ៍ពីបន្លែព្រៃមួយមុខនេះទេ តែពេលនេះទំពាំងព្រិច បានក្លាយជាម្ហូបអាហារដ៏ពិសេសសលក់នៅលើទីផ្សារ។ ទំពាំងព្រិច ត្រូវបានគេប្រទះឃើញ ដុះតាមព្រៃព្រិចព្រៃរបោះ ក្នុងខេត្តសម្បូរព្រៃឈើដូចជា ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងព្រះវិហារជាដើម។
ភ្នាក់ងារ Fresh News បានសម្ភាសន៍អ្នកភូមិមួយ នៅខេត្តស្ទឹងត្រែង ហើយពួកគាត់បាននិយាយថា នៅដើមខែវស្សាមានភ្លៀងធ្លាក់ម្ដង ឬពីរដងនៅក្នុងព្រៃ ធ្វើឱ្យធនធានធម្មជាតិ ជីវៈចម្រុះលូតលាស់ស្រស់បំព្រង។ ដើមទំពាំងព្រិច ដែលកំពុងតែបញ្ចេញបណ្ដូលខ្ចីគួរជាទីគយគន់បានផ្លាស់ប្តូរ តាមរដូវកាលធម្មជាតិត្រូវអ្នកស្រុកដើរកាត់យកមកធ្វើម្ហូប។
ភូមិបានបន្តថា ទំពាំងព្រិច យើងអាចយកធ្វើជាម្ហូបមានដូចជា ធ្វើអន្លក់ទឹកគ្រឿង ចុចប្រហុកជាមួយទំពាំង ឆា យកធ្វើជាសម្លប្រហើរ សម្លខ្ទិះដូង ខជើងជ្រូក ធ្វើជ្រក់ទំពាំងព្រិចជាដើម។
ទំពាំងព្រិចមិនត្រឹមធ្វើជាម្ហូបសម្រាប់មនុស្សទេក៏ជាចំណីសម្រាប់សត្វព្រៃដូចជាសត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃជាដើម ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃធម្មជាតិផងដែរ៕