(ស្ទឹងត្រែង)៖ សត្វ«ត្រយងចង្កំកស» ដែលជិតផុតពូជនោះកំពុងរងនូវការគំរាមកំហែង ត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃ កំពុងមានការព្រួយបារម្ភអំពីការរស់រានរបស់ប្រភេទសត្វទាំងនេះ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះសត្វត្រយងមួយចំនួន ត្រូវបានគេអះអាងថាមានវត្តមាននៅលើដីកោះស្រឡាយ ក្នុងស្រុកសៀមបូក នៅភាគខាងលិចខេត្តស្ទឹងត្រែង។
យោងតាមលោក ចៅ ឡេងថុល មន្ត្រីរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មានទីតាំងនៅក្រុងស្ទឹងត្រែង បានឲ្យដឹងថា ការធ្វើជំរឿនថ្នាក់ជាតិសម្រាប់ប្រភេទដ៏កម្រនេះ ចាប់អនុវត្តន៍នៅក្នុងរដូវវស្សា ដោយសហការជាមួយអង្គការផ្សេងៗទៀតមានដូចជា អង្គការ Birdlife International Cambodia, អង្គការ WCS, អង្គការ WWF រូមជាមួយនឹងដៃគូរាជរដ្ឋាភិបាល ពាក់ព័ន្ធផ្សេងៗទៀត។
លោក ចៅ ឡេងថុល បានប្រាប់ឲ្យដឹងទៀតថា នៅពេលដែលចំនួននៃសត្វត្រយង ហាក់ដូចជាធ្លាក់ចុះនៅក្នុងតំបន់ផ្សេងៗទៀត នៃប្រទេសកម្ពុជានោះ គឺមានក្តីសង្ឈឹមសម្រាប់ឃុំកោះស្រឡាយ ដែលថ្មីៗនេះខាងអង្គការរបស់លោក បានរាប់ឃើញចំនួនរបស់សត្វប្រភេទនេះ មាន៣៨ក្បាល។ ប៉ុន្តែបើតាមលោក ណុប បូរ៉ាត ជានាយកសាលាភូមិស្មាកោះ និងប្រជាពលរដ្ឋដែលរស់នៅ លើឃុំកោះស្រឡាយ បានធ្វើប៉ាន់ប្រមាណឃើញថា មានសត្វត្រយងចង្កំកស ប្រហែលជា៥០ក្បាល។
កោះស្រឡាយ គឺជាឃុំមួយរបស់ស្រុកសៀមបូក ហើយមានភូមិសាស្រ្តព្រៃឈើដែលមានការអភិរក្សពីសហគមន៍នៅតំបន់ខាងលើ ទើបធ្វើឲ្យសត្វរាប់រយប្រភេទ រួមទាំងសត្វត្រយង ពីរប្រភេទ គឺត្រយងចង្កំកស និងត្រយងយក្ស កំពុងតែមានវត្តមាននៅទីនោះផងដែរ។ សត្វត្រយងត្រូវគេចាត់ទុកថា គឺជាប្រភេទសត្វដ៏កម្រជិតផុតពូជទៅហើយ នៅក្នុងប្រទេសកម្ពុជាយើង។
វាមានចំនួនប្រហែល ជា៩៥%នៃចំនួនដែលនៅសល់ទូទាំងសកលលោក ហើយមានរស់នៅតាមតំបន់ដែលមានព្រៃធម្មជាតិ និងអំណោយផលក្នុងការរកចំណី។ ចំណីដែលសត្វនេះស៉ី គឺជាប្រភេទសត្វល្អិត ដូចជា ខ្យង ខ្ចៅ អន្ទង់ ត្រីតូចៗ និងពស់តូចៗជាដើម។
ក្នុងមួយឆ្នាំវាបន្តពូជតែម្តងប៉ុណ្ណោះ គឺក្នុងខែកុម្ភៈដល់ខែឧសភា ដោយក្នុងមួយសំបុកមានពងពី១គ្រាប់ ទៅ៣គ្រាប់ទេ។ វាចូលចិត្តធ្វើសំបុកនៅលើដើមឈើធំខ្ពស់ និងឈើមិនសូវមានស្លឹកស៊ុបទ្រុប។ ក្រុមអ្នកអភិរក្សកំពុងមានការបារម្ភ ពីការបាត់បង់ផុតពូជរបស់សត្វដ៏កម្រនេះ ហើយជាពិសេសដោយសារតែសត្វដ៏កម្រទាំងនេះ មានវត្តមានតែនៅក្នុងភូមភាគឦសានតែប៉ុណ្ណោះ។
លោក ចៅ ឡេងថុល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើការប្រមាញ់សត្វទាំងនោះលក់ ឬធើ្វម្ហូបឡើយ។ លោកបន្ថែមថា ត្រូវចូលរួមការពារសត្វស្លាបកម្រជិតផុតពូជទាំងនេះឲ្យបានគង់វង្ស ទុកដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងបានសិក្សាស្រាវជ្រាវផងដែរ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ធ្វើការផ្តោតលើការការពារជីវៈចម្រុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមជ្ឈមណ្ឌលនេះមានមណ្ឌលអភិរក្ស និងសង្រ្គោះសត្វព្រៃ ដែលស្ថិតនៅភូមិក្បាលស្ពានខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះ ធ្វើការសង្រ្គោះ និងស្តារនីតិសម្បទាសត្វព្រៃ ដោយលែងពពួកសត្វទាំងនោះ ឲ្យចូលទៅរស់នៅក្នុងទីជម្រកព្រៃធម្មជាតិវិញ៕