(ភ្នំពេញ)៖ ល្បែងខ្លាឃ្លោក និងល្បែងលេងបៀរ នៅ២ទីតាំងផ្សេងគ្នា ត្រូវបានបង្ក្រាប និងឃាត់ខ្លួនអ្នកលេង និងវត្ថុតាងមួយចំនួនមកអប់រំ ដោយកម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។
លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការឃាត់ខ្លួនអ្នកញៀនល្បែង នៅក្នុងប្រតិបត្តិការបង្ក្រាបវង់ល្បែងនេះ បានអនុវត្តឡើង ស្ថិតនៅមាត់ទន្លេ ក្រុមទី១ ភូមិក សង្កាត់ច្រាំងចំរេះទី២ ដែលជាប្រភេទល្បែងខ្លាឃ្លោក និង១ទីតាំងទៀត (តំបន់ប្រេងខ្មៅ) បង្ក្រាបល្បែងលេងបៀរ ស្ថិតនៅក្រុមទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២។
លោក ជា ពិសី បញ្ជាក់ថា ស្ថិតក្រោមការដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ រួមនឹងកម្លាំងប្រជាការពារសង្កាត់ ចំនួន១០នាក់ បានចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ ចំនួន២កន្លែងផ្សេងគ្នា ដោយក្នុងនោះឃាត់ខ្លួនអ្នកលេង និងដកហូតវត្ថុតាងមួយចំនួន បញ្ជូនមកសាលាសង្កាត់ ដើម្បីអនុវត្តនិតិវិធី ក៏ដូចជាការអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕