(ភ្នំពេញ)៖ ល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) មួយកន្លែងដែលច្បាប់ហាមឃាត់ដាច់ខាត ពេលនេះបាននិងកំពុងបើកដំណើរការទទួលភ្ញៀវ ដោយបិទទ្វារលេងយ៉ាងសម្ងាត់បំផុត ស្ថិតនៅខាងជើងសណ្ឋាគារ (បុប្ផារាជធានី) ប្រហែល ២០០ម៉ែត្រប៉ុណ្ណោះ តាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ជាមួយនិងសកម្មភាពបើកល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ដែលហៅថា (Joker) មួយកន្លែងយីហោម៉ាត «ជា ម៉ាឡុង» ដែលលេងយ៉ាងសម្ងាត់ខាងលើនេះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ តាមរយៈអ្នកយកព័ត៌មានអង្គភាព Fresh News, ប្រជាពលរដ្ឋ សូមសំណូមពរយ៉ាងទទូចឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ដែលទទួលបន្ទុកបង្ក្រាប រាល់បទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ និងលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ឲ្យជួយចាត់វិធានការបង្ក្រាប ឫបើអាចគួរតែបិទចោលជារៀងរហូតតែម្ដងទៅ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពផ្សេងៗ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងបនល្បែងភ្នាល់ជាច្រើនកន្លែង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ពិតជាត្រូវបានបង្ក្រាប និងបិទទ្វារចោលជាហូរហែ ដោយសារស្នាដៃលោកទាំង២ (លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ)។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ធ្លាប់ចេញសារាចរណែនាំកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅដោយបញ្ជារឲ្យទីស្តីការគណៈរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ត្រូវចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីអនុវត្តឲ្យសារាចរនេះឲ្យមានប្រសិទ្ធភាព៕