(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋខ្មែរមូស្លីមនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ បានសម្តែងការត្រេកអរ និងសម្តែងការអរគុណ នូវគ្រាដែលពួកគាត់ទទួលបានការយកចិត្តទុកដាក់ ផ្ដល់ជាអាហារនៅក្នុងខែបួសរ៉ម៉ាឌននេះ ខណៈកញ្ចប់អាហារចំនួន១៩០កញ្ចប់ និងម៉ាសមួយចំនួន ត្រូវបាននាំមកដោយលោក ហូសេន មូហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ឥស្លាមកម្ពុជា។
ថ្លែងក្នុងសកម្មភាពមនុស្សធម៌ ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភាម្សិលមិញ លោក ហូសេន មូហាំម៉ាត់ហ្វារីត បាននាំការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសានា និង ស៊ុន ចាន់ថុល ប្រធានក្រុងការងារអចិន្ត្រៃយ៍ពង្រឹងស្រុកកោះធំ និងលោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ខេត្តកណ្ដាលផងដែរ ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ពលរដ្ឋជានិច្ច។
លោក ហូសេន មូហាំម៉ាត់ហ្វារីត បានលើកឡើងថា អរគុណសន្តិភាព, អរគុណសម្ដេចតេជោហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន មានសុខសន្តិភាព ហើយសម្តេចតែងតែយកចិត្តទុកដាក់លើខ្មែរកាន់សាសនាឥស្លាម ពិសេសផ្តល់សិទ្ធិសេរីភាពជំនឿសាសនា មានសុខដុមនីយកម្មសាសនា ធ្វើឲ្យអង្គការប្រតិបត្តិការឥស្លាម ដែលមានសមាជិក៥៧ប្រទេស កោតសរសើរ និងពិភពលោកទាំងមូលក៏សរសើរផងដែរ។ លោក ហ្វារីត ក៏បានជំរុញប្រជាពលរដ្ឋខ្មែរមូស្លីម ត្រូវរក្សាអនាម័យ ពាក់ម៉ាសជាប្រចាំ ដើម្បីការពារកូវីដ១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ហ្វារីត ថែមទាំងបានអរគុណដល់ព្រះចៅសាលម៉ាន ពិនអាប់ឌុលអាសិស អាលសាអូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានឧបត្ថមកញ្ចប់អាហារស្រាយបួស ដល់សាសនិកឥស្លាមកម្ពុជាចំនួន ១៥០០កញ្ចប់ ដោយចែកជូនតាមបណ្ដាភូមិនានា ខណៈជំនួយនេះគ្រប់គ្រងដោយស្ថានទូតអារាប៊ីសាអូឌីត នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយផ្ដល់ឲ្យខ្មែរឥស្លាមតាមរយៈទីប្រឹក្សាឥស្លាម នៃស្ថានទូសាអូឌីតប្រចាំប្រទេសថៃ៕