(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ ព្រះវស្សារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ថ្វាយនូវព្រះសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនា មហាប្រសើរ សូម ព្រះករុណាថ្លៃវិសេស ទ្រង់ស្តេចមានព្រះរាជសុខភាពល្អពេញលេញ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះទីឃាយុយឺនយូរដល់រយព្រះវស្សា ដើម្បីទ្រង់ស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនត្រជាក់ត្រជំសុខដុមរមនាជាភិយ្យោភាពអស់កាលដ៏យូរអង្វែងរៀងដរាបតទៅ»

ស្ថិតក្នុងព្រះបរមរាជវរោកាសប្រកបដោយបីតិសោមនស្សរីករាយជាអតិបរមានេះ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់រូប សូមប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ មនសិការមោះមុត ដង្ហែតាមព្រះរាជវីរគំរូ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គ្រប់កាលៈទេសៈ ដែលទ្រង់ស្តេចយាងបំពេញព្រះរាជបូជនីយកិច្ច បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា តាមព្រះរាជលំអានដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រមទាំង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ និងព្រះមនុស្សធម៌ដ៏ផូរផង់ត្រចះត្រចង់ ជានិច្ចនិរន្តរ៍»

ជាថ្មីម្តងទៀត «ខ្ញុំម្ចាស់ និងសហការី សូមលំឱនកាយវន្ទាឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗជំនាន់ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតារក្សាឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ពិសេសព្រះបារមីព្រះបរមរូប សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមបន្តអភិបាលគ្រងរក្សា សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពរ៖