(ភ្នំពេញ)៖ ចោរឆក់ដ៏សកម្មចំនួន៤នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមបង្ក្រាបបានភ្លាមៗ ក្រោយធ្វើសកម្មភាពតាមដងផ្លូវ នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
លោកវរសេនីយ៍ទោ ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងជំនាញរបស់លោកកំពុងល្បាត ស្រាប់តែប្រទះឃើញ ចោរឆក់វ័យក្មេង៤នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ អ្នកដំណើរតាមដងផ្លូវពីជនរងគ្រោះ០៣នាក់ ត្រង់ចំណុចផ្លូវ២១៤ (សម្តេចប៉ាន) មុខក្លឹបលុច្សសារីចាស់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ពេលនោះកម្លាំងល្បាតបានប្រដេញឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលរួមមាន ទី១៖ឈ្មោះ ផាន់ ទូ (ដៃដល់) អាយុ២១ឆ្នាំ, ទី២៖ ឈ្មោះ ផាត់ ភក្តី អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ធី ដាវីត អាយុ១៨ឆ្នាំ និងទី៤៖ ឈ្មោះ ឃឹម ដារ៉ូត អាយុ១៨ឆ្នាំ ដកហូតបាន ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយក្រហម ឆ្នាំ២០១៩ ពាក់ផ្លាកលេខកំពត1P-8658 និងម៉ូតូម៉ាកហុងដាប៊ីត ឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HZ-2660។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី៕