(ប៉ៃលិន)៖ ក្នុងពិធីសំណេះសំណាល និងចែកកូន មេបាពូជន៍កង្កែប ដល់កសិករ បណ្តុំអាជីវកម្មវារីវប្បកម្មរបស់មន្ទីរកសិកម្មខេត្តប៉ៃលិន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឲ្យបានកាន់តែល្អ ប្រសើរឡើង ស្របពេលជំងឺកូវីដ១៩ កំពុងកើតមានឡើង ដែលជាបញ្ហាចម្បងមួយ បណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋយើង មិនអាចចេញទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិត ហើយជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
លោកអភិបាលខេត្ត បានលើកឡើងថា ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែបនេះ កសិករផលិតត្រូវមានកិច្ចសហការល្អ ជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឲ្យត្រូវ តាមរដូវកាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះ កសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឲ្យបានត្រឹមត្រូវ តាមការណែនាំ និងលក្ខណៈបច្ចេកទេស។
ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះ មានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឲ្យកើតជំងឺដម្កាត់ផ្សេងៗ ជាពិសេសត្រូវបានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ និងត្រូវចូលរួមទប់ស្កាត់ ការរីករាលដាល ហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងារ ចុះជួយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
បើតាមរបាយការណ៍របស់លោក ផាយ សុផាត បានឲ្យដឹងថា បណ្តុំអាជីវកម្មផលិតកម្មចិញ្ចឹម ត្រី/កង្កែប ត្រូវបានអនុវត្តដោយអង្កការ EPDO និង PDAFF ចំនួន ១៧បណ្តុំ រួមមាន៖ (ត្រី ៥បណ្តុំ និងកង្កែប ១២បណ្តុំ) ស្មើនឹងគ្រួសារកសិករ៤៤៧នាក់ ស្រី១១៧នាក់ ហើយអង្កការ EPDO ដែលកំពុងអនុវត្តន៍ គឺបានគាំទ្រ កសិករគំរូចំនួន៨ក្រុម មានសមាជិកសរុបចំនួន២៣៦នាក់ ស្រី៨២នាក់៕