(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ ប្រជាពលរដ្ឋទីទាល់ក្រ និងខ្វះខាតស្បៀងចំនួន ១២០គ្រួសារ នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងសកម្មភាពផ្តល់អំណោយ នៅថ្ងៃថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចានធុល បានលើកឡើងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យ រួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការផ្តល់អំណោយស្បៀងនេះ ដើម្បីចូលរួមចំណែកដោះស្រាយ និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ពលរដ្ឋឲ្យកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះមិនបានបំពេញតម្រូវការពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ។ ដូច្នេះសូមពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីបង្កើនជីវភាពឲ្យបានធូរធារជាងមុន។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជំងឺដម្កាត់ផ្សេងៗ ជាពិសេសត្រូវបានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ព្រមជាមួយនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយត្រូវរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ។
អំណោយស្បៀងដែលចែកជូនដល់អ្នកទីទាល់ក្រទាំង ១២០គ្រួសារគ្រួសារ ដោយក្នុងមួយគ្រូសារៗទទូលបានអង្ករចំនួន ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងប្រហុក ១ក្រឡ៕