(កំពង់ធំ)៖ លោក អួង សារឿន អភិបាលស្រុកបារាយណ៍នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបន្តចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ជំងឺកូវីដ១៩ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះ នៅក្នុងភូមិចំនួន៤ នៅក្នុងឃុំបារាយណ៍ គឺភូមិសំរោង ភូមិអូរសួស្ដី ភូមិបារាយណ៍ធំ និងភូមិបារាយណ៍តូច ស្រុកបារាណ៍ ខេត្តកំពង់ធំ។
លោក អួង សារឿន បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយឃុំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ អំពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានយល់ដឹងអំពីវិធីទប់ស្កាត់ និងការពារអនាម័យខ្លួនប្រាណសម្លៀកបំពាក់ និងទីកន្លែង ស្នាក់នៅជាប្រចាំដើម្បីចៀសផុតពីជំងឺកូវីដ-១៩។
លោក អួង សារឿន បានឱ្យដឹងទៀតថា ទោះបីអំណោយនេះតិចតួចក្ដីតែអាចជួយបងប្អូនបានមួយរយៈនៅពេលដែលបងប្អូនកំពុងជួបបញ្ហាខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ ហើយលោកបានសំណូមពរដល់ក្រុមការងារទាំងអស់បន្តជួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនជាបន្តទៀត និងចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានទូលំទូលាយថែមទៀត ព្រោះថាសព្វថ្ងៃនេះបងប្អូនពលករកំពុងតែធ្វើការចំណូលស្រុកមកពីបរទេស យ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ។
ដូច្នេះហើយសូមក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍មូលដ្ឋានក៏ដូចជានៅក្នុងប្រទេសកម្ពុជា ទាំងមូល ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានការធូរស្រាល និងគ្មានអ្នកជំងឺកូវីដ១៩ណាម្នាក់នៅក្នុងប្រទេសកម្ពុជាបានស្លាប់ក៏ដោយ ពិសេសការដាក់ ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស រក្សាអនាម័យឱ្យបានទៀងទាត់ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា។
លោកបន្តថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏គណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយ ប្រជាពលរដ្ឋជានិច្ច ពិសេសក្រុមគ្រួសារងាយរងគ្រោះនិងចាស់ជរា និងអ្នកដែលមកពីក្រៅប្រទេសបានសម្រេចចិត្តដាក់ខ្លួននៅដោយឡែកពីគេ ហើយត្រូវសម្អាតនិង រក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រុមការងារថ្នាក់ភូមិឃុំស្រុក និងក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុលនិងជែល លាងដៃ មុនពេលនិងក្រោយពេលចាប់កាន់របស់ផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ក្នុងការចុះផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ក្រុមការងាររបស់រដ្ឋបាលស្រុកបារាយណ៍ស្រុកបារាយណ៍ បានចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៍ ដល់គ្រួសារងាយរងគ្រោះជន ចាស់ជរាគ្មានទីពឹងចំនួន ១៩គ្រួសារ គឺដោយមួយគ្រួសារៗទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ប៊ីចេង ប្រេងឆា សាប៊ូលាងដៃ និងថវិកាមួយចំនួន៕