(បាត់ដំបង)៖ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីត-១៩ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានរៀបចំឲ្យក្រុមការងារមួយក្រុមចុះបាញ់ថ្នាំសម្លាប់មេរោគតាមផ្ទះជូនប្រជាពលរដ្ឋដែករស់នៅក្នុងសង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង។
លោកអនុសេនីយ៍ឯក ឃាង គឹមលាង ប្រធានក្រុមចុះបាញ់ថ្នាំសម្លាប់មេរោគ បានឲ្យដឹងថា នៅក្នុងសង្កាត់រតនៈមានភូមិចំនួន ៨ភូមិ ផ្ទះប្រជាពលរដ្ឋដែលបានបាញ់ថ្នាំរួច មានចំនួន ២៧៦៨ផ្ទះ ដោយចំណាយពេលបាញ់ថ្នាំរយៈពេល១៧ ថ្ងៃហើយត្រូវចំណាយទឹកថ្នាំសំរាប់បាញ់សម្លាប់មេរោគអស់ចំនួន ៤១៦៨លីត្រ សាំង២០៩លីត្រ។
នៅក្នុងយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគតាមផ្ទះជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់រតនៈ យើងសង្កេតឃើញថា ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងពេញចិត្តជាខ្លាំងក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់ មេរោគនេះ ដោយប្រជាពលរដ្ឋចេញមកទទួលស្វាគមន៍នូវក្រុមបាញ់ថ្នាំសម្លាប់មេរោគតាមផ្ទះ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋបានជូនជាភេសជ្ជៈ ជាទឹកសុទ្ធ ជាថវិកាដល់កងកម្លាំងអ្នកចុះបាញ់ថ្នាំ ទៀតផង ដោយក្នុងនោះក្រុមការងារទទួលបានទឹកសុទ្ធពីប្រជាពលរដ្ឋ ចំនួន ៨៥យូរ ទឹកភេសជ្ជៈគ្រប់មុខបានចំនួន១១កេស ទឹកស៊ីអ៊ីវ ទឹកត្រី ចំនួន ១០យួរនិងថវិកាចំនួន ៦៨៥០០០រៀល ពីប្រជាពលរដ្ឋទាំង៨ភូមិ ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង៕