(កំពង់ធំ)៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ប្រគល់ផ្ទះថ្មីជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជនពិការ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនពិការ បច្ចុប្បន្នរស់នៅភូមិដងទទឹង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
អតីតយុទ្ធជនពិការឈ្មោះ ម៉ា ណៃ អាយុ ៤៥ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩២ អតីតយោធិន នៅអង្គភាពវរសេនាតូចលេខ៤ យោធាខេត្តកំពង់ធំ ហើយត្រូវរបួសពិការជើងឆ្វេង ដោយសារជាន់មីន នៅក្នុងសមរភូមិ នៅឆ្នាំ១៩៩២ និងមានភរិយាឈ្មោះ មាស រ៉ូ អាយុ៥៣ឆ្នំា មានកូនម្នាក់នៅក្នុងបន្ទុក។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីដែលបានប្រគល់ជូនគ្រួសារអតីយុទ្ធជននៅពេលនេះ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ផុតពីដី ជញ្ជាំង និងរនាបក្រាលក្តារ ដំបូលប្រក់ស័ង្កសី ជណ្ដើរកាច់ ដែលបានសាងសង់រួចរាល់ដោយក្រុមការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្នុងឱកាសនេះផងដែរ ក្រុមការងារក៏បានផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់អតីតយុទ្ធជន ដែលត្រូវបានទទួលពីសម្តេចតេជោ ហ៊ុន សែន មានដូចជា ប្រាក់បៀវត្សប្រចាំខែរៀងរាល់ខែ បណ្ណបេឡាជាតិរបបសន្តិសុខសង្គម ដែលត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ រដ្ឋដោយឥតគិតថ្លៃប្រាក់ បេឡាមរណសង្គ្រោះ សម្រាប់ធ្វើបុណ្យសពនៅពេលដែលទទួលមរណភាពប្រាក់ធានារ៉ាប់រងសង្គម ដោះស្រាយជូនគ្រួសារសពបង្កើតមុខរបរ ការសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ដែលគ្មានផ្ទះ ឬមានជម្រកស្នាក់នៅសមរម្យ និងបានផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី វិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ និងបានសំណូមពរដល់ប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែស ក្នុងការការពារទប់ស្កាត់មេរោគកូវីដ១៩ ឡើយ។
គ្រួសារអតីតយុទ្ធ បានទទួលជំនួយឧបត្ថម្ភបន្ថែម ពីលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា មានអង្ករ ចំនួន ៥០គីឡូក្រាម, មីចំនួន ២កេស, ទឹកត្រី, ទឹកស៊ីអ៊ីវ ចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ៕