(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ហ៊ី បញ្ញា ហៅតុប អាយុ៣៣ឆ្នាំ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយតាមកំណត់នីតិវិធីច្បាប់។
ការសម្រេចឃុំខ្លួនជនត្រូវចោទនេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿ ឡងឌី បានបញ្ចប់បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ជនត្រូវចោទរូបនេះ ពីបទ «រំលោភលើទំនុកចិត្ត» (កឹបកេងលុយក្រុមហ៊ុន) ប្រព្រឹត្តនៅក្រុមហ៊ុនឈ្មោះ «ហ្វាស អ៊ីនវេសមិន ត្រេតឌីង» មានទីតាំងអគារលេខ២២ ផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៣៩១និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទរូបនេះ ជាបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុន «ហ្វាស អ៊ីនវេសមិន ត្រេតឌីង» ហើយនៅក្នុងកំលុងឆ្នាំ២០១៩-២០២០ រូបគេបានទៅប្រមូលប្រាក់ពី អតិថិជនមួយចំនួនដែលនៅជំពាក់ក្រុមហ៊ុនសរុបទាំងអស់ចំនួន ១៣,000$ រួចយកមកចាយវាយផ្ទាល់ខ្លួន ហើយកុហកក្រុមហ៊ុនថា អតិថិជនមិនទាន់បង់ប្រាក់ឲ្យ។
លុះដល់មានការសង្ស័យ ខាងភាគីក្រុមហ៊ុនបាន ចាត់ឲ្យបុគ្គលិកផ្សេង ចុះទៅជួបអតិថិជនផ្ទាល់ទើបដឹងថា ឈ្មោះ ហ៊ី បញ្ញា បានមកប្រមូលប្រាក់យកទៅអស់ថែមទាំងបង្ហាញឯកសារទូទាត់ប្រាក់ ទៀតផង។
ក្រុមហ៊ុនបានទាក់ទងឈ្មោះ ហ៊ី បញ្ញា ដើម្បីពិភាក្សាគ្នារឿងប្រមូលប្រាក់ ហើយមិនយកមកទូទាត់ឲ្យក្រុមហ៊ុន។ ប៉ុន្តែឈ្មោះនេះ បានគេចវេសទើបក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញឲ្យឃាត់ខ្លួន ឈ្មោះ ហ៊ី បញ្ញា បញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ ខ្លួនបានចូលបម្រើការងារក្នុងក្រុមហ៊ុន វ៉េន ណូវ៉ា ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានតួនាទីជាបុគ្គលិកផ្នែកទីផ្សារ (លក់ប្រេងម៉ាស៊ីន)។
ដោយនៅអំឡុងឆ្នាំ២០១៩ ពេលប្រមូលប្រាក់ពីអតិថិជនបាន ខ្លួនពុំបានយកប្រាក់ទៅទូរទាត់ជូនក្រុមហ៊ុនទេ ដោយយកប្រាក់នោះទៅចាយវាយផ្ទាល់ខ្លួនសរុបចំនួន ១៣,០០០ដុល្លារ ហើយខាងក្រុមហ៊ុនបានហៅរូបខ្លួនមកសម្របសម្រួល ដោយរូបខ្លួនសន្យាថា នឹងយកប្រាក់មកទូទាត់សងក្រុមហ៊ុនវិញ ប៉ុន្តែដោយគ្មានការជឿទុកចិត្ត ទើបខាងក្រុមហ៊ុនបាននាំរូបខ្លួនប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមនតែម្តង៕