(ត្បូងឃ្មុំ)៖ នាថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តកែលម្អរបាយការណ៍ ជំរុញលទ្ធផលការងារកាន់តែល្អ និងប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត សាលាដំបូងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖
១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ,
២៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ,
៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
៤៖ បញ្ហាផ្សេងៗ។
បន្ទាប់ពីការអានសេចក្តីព្រាងរបាយការណ៍ទាំង៣ខាងលើ ដោយដាក់ឲ្យអង្គប្រជុំពិនិត្យ ពិភាក្សារួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយការលើកដៃយល់ព្រម ២៥លើ២៥សម្លេង។
លោក ស៊ាក ឡេង បានថ្លែងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។
ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំរូបនេះ ក៏បានស្នើរឲ្យរៀបចំឲ្យបានត្រឹមត្រូវនូវប្រតិទិនប្រជុំ ឲ្យស្របទៅនឹងការបូកសរុបរបាយការណ៍ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីធ្វើយ៉ាងណាផ្តល់លក្ខណៈងាយស្រួលនៃការរៀបចំតាក់តែងឯកសារបានលឿន និងកាន់តែល្អបន្ថែមទៀត។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។
បន្ថែមលើសពីនេះ លោក ជាម ច័ន្ទសោភ័ណ ក៏បានស្នើឲ្យរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ បន្ទាប់ពីទទួលបាននូវការលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាសំណើរផ្សេងៗ គឺត្រូវចុះទៅពិនិត្យ និងរាយការណ៍ជូនលោក យ៉ាងយូរត្រឹម១សប្តាហ៍ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ក៏ដូចជាសម្រាប់ឆ្លើយតបជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នាកិច្ចប្រជុំបន្ទាប់៕