(អាម៉េរិក)៖ ក្រុមហ៊ុនផលិតកុំព្យូទ័រ Hewlett-Packard Co (HP) បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះថា អ្នកស្រី Meg Whitman នាយកប្រតិបត្តិទទួលបានប្រាក់បំណាច់ឆ្នាំ ១៩,៦លានដុល្លារអាមេរិក ដែលកាលពីឆ្នាំ ២០១៣ ទទួលបានត្រឹមតែ ១៧,៦លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal ចេញផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៥។
អ្នកស្រី Whitman ជានាយកប្រតិបត្តិម្នាក់ដែលសម្រេចទទួលយកប្រាក់ខែត្រឹមតែ ១ដុល្លារអាមេរិក ប៉ុន្តែសម្រាប់ប្រាក់ដែលអ្នកស្រីទទួលបាននៅពេលនេះ គឺជាប្រាក់លើកទឹកចិត្ត ប្រាក់រង្វាន់ភាគហ៊ុនជាដើម ដោយកាលពីចុងឆ្នាំ ២០១៤ អ្នកស្រី ទទួលបាន ១០០.០០០ហ៊ុន ពីរង្វាន់ភាគហ៊ុនប្រចាំឆ្នាំ។
គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុន IBM បានផ្ដល់ប្រាក់លើកទឹកចិត្ត ៣,៦លានដុល្លារអាមេរិក ដល់អ្នកស្រី Virginia Rometty នាយកប្រតិបត្តិ៕