(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាបណ្ណស្ថានីយវិទ្យុ FM99.75MHz និងគេហទំព័រឈ្មោះ «រិទ្ធិសែន»។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានអះអាងថា ការសម្រេចលុបនេះ ដោយសារម្ចាស់អាជ្ញាបណ្ណទាំងពីរខាងលើ បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឲ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្ដិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការរំលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់នៅក្រសួងព័ត៌មាន។
គួរជម្រាបថា កន្លងទៅក្រសួងព័ត៌មាន ក៏ធ្លាប់បានចេញប្រកាសលុបចោលអាជ្ញាបណ្ណគេហទំព័រមួយចំនួនរួចមកហើយ ក្រោយផ្សព្វផ្សាយព័ត៌មានបំផ្លើសពីការពិត និងមានចេតនាញុះញង់ជាដើម៕