(ព្រះសីហនុ)៖ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខាខេត្តព្រះសីហនុ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ ទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រស្រស់ (បង្គា មឹក) នៅផ្សារទំនើប DARUNFA ផ្សារទំនើប ORANGE ផ្សារទំនើបសាម៉ូដឺរ៉ា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សាខា ក.ប.ប ខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញមានការ ដាក់លាយសារធាតុគីមី ហាមឃាត់នៅលើគ្រឿងសមុទ្រស្រស់នោះទេ។
តែមន្រ្តីជំនាញ បានរកឃើញការដាក់តាំងលក់ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ នៅផ្សារទំនើបចិន DARUNFA រួមមាន៖
*ទី១៖ ប៉ាតេកំប៉ុង ចំនួន ១៥កំប៉ុង ស្មើរនឹង ៤៥ គីឡូក្រាម
*ទី២៖ សាច់ត្រី ចំនួន ៥៥កញ្ចប់ ស្មើរនឹង ១១០ គីឡូក្រាម
*ទី៣៖ ផ្សិតម្ជុល ចំនួន ០៨កញ្ចប់ ស្មើរនឹង ២០ គីឡូក្រាម
*ទី៤៖ នំដំណើប ចំនួន ៣២កញ្ចប់ ស្មើរនឹង ៤៨ គីឡូក្រាម។ សរុបទំនិញដកហូតបានចំនួន ២២៣គីឡូក្រាម។
ទំនិញដែលបានដកហូតខាងលើ មន្រ្តីជំនាញបានយកមករក្សាទុកនៅសាខា ដើម្បីដុតកំទេចចោល ទៅតាមនីតិវិធី និងបានណែនាំ អប់រំបន្ថែមដល់អាជីវករទាំងអស់ សូមធ្វើការត្រួតពិនិត្យ ទំនិញរបស់ខ្លួនអោយបានជាប់ជាប្រចាំ និងចូលរួមសហការអនុវត្តអោយបានត្រឹមត្រូវ ទៅតាមស្តង់ដារបច្ចេកទេស ក៏ដូចជាលក្ខខ័ណ្ឌតម្រូវ នៃបទបញ្ញត្តបច្ចេកទេស ជាពិសេសភាពអនុលោមទៅនឹង ច្បាប់ស្តីពី «ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា»និង ច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់»៕