(ស្ទឹងត្រែង)៖ អ្នកបើករ៉ូឡូកិនផ្លូវម្នាក់កំពុងធ្វើផ្លូវលើខ្នងទ្រនប់សុខៗ ស្រាប់តែភ្លាត់ស្នៀតក្រឡាប់ធ្លាក់ចូលប្រឡាយ សង្កត់ពីលើបោកក្បាល និងបាក់ដៃជាច្រើនកំណាត់ ត្រូវបានក្រុមការងារនាំយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្ត តែជាអកុសលបានដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងក្រុមហ៊ុនចំការចេក ក្នុងភូមិឬទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
បើតាមសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុទ្ធ សាន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គ្រង ឃុំអង្គ្រង ស្រុកមេសាង ខេត្តព្រៃវែង។
មុនកើតហេតុជនរងគ្រោះបើករ៉ូឡូកិនផ្លូវដែលធ្វើថ្មីនៅលើខ្នងទ្រនប់ ដើម្បីងាយស្រួលរៀបប្រព័ន្ធទុយយូទឹក ប៊ូមដាក់តាមគុម្ភចេកនីមួយៗ ដើម្បីទុករក្សាទឹកបានយូរ ស្រាប់តែបើកសុខៗ ក៏ក្រឡាប់ធ្លាក់ប្រឡាយថ្ងាជើង សង្កត់អ្នកបើកបរស្លាប់ក្រោយពេលទៅដល់មន្ទីពេទ្យបង្អែកខេត្ត។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕