(ភ្នំពេញ)៖ មេរោគកូវីដ១៩ ជាវិញ្ញាសាថ្មីមួយទៀតបង្ហាញពីភាពរឹងមាំនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន ដែលគេបានប្រសិទ្ធនាមថ្មីថាដែកថែប។ ពិតជាដូចអ្វីដែលប្រជាពលរដ្ឋនៃប្រទេសទាំងពីបានប្រសិទ្ធនាមនោះមែន ក្នុងពេលជួបគ្រាលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ កម្ពុជា និងចិន បានបង្ហាញឱ្យពីស្មារតីក្នុងភាពជាមិត្តភក្តិដ៏ស្មោះសរ ដោយបានប្រកៀកស្មាគ្នា កាន់ដៃដោយស្វាហាប់ ដើម្បីឆ្លងកាត់ការលំបាកមួយនេះ។
ប្រទេសចិន គឺជាប្រទេសដំបូងដែលរងការវាយប្រហារដោយជំងឺកូវីដ១៩។ នៅពេលជំងឺផ្ទុះឡើងដំបូង ប្រទេស និងជាតិសាសន៍ជាច្រើន បានដាក់ចេញវិធានការការពារខ្លួនពីជំងឺនេះ ដោយបានកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន ផាត់ចិនឱ្យឯកាក្នុងទ្វីបលោកដ៏ល្វឹងល្វើយមួយនេះ។
តែកម្ពុជាក្នុងនាមជាមិត្តដ៏ពិតប្រាកដ មិត្តប្រកបដោយស្មោះត្រង់មិនបានបោះបង់ចិនឱ្យនៅតែលតោលឯកកោនោះឡើយ។ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារទៅកាន់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមរំលែកនូវទុក្ខក្រៀមក្រំជាមួយថ្នាក់ដឹកនាំ និងប្រជាជនចិន ចំពោះមុខនៃការលំបាកទាំងឡាយបណ្តាលមកពីមេរោគកូវីដ១៩នេះ។
ព្រះអង្គទាំងទ្វេ ក៏បានព្រះរាជប្រទាននូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គចូលរួមរំលែកការលំបាកជាមួយចិនផងដែរ។
អ្វីកាន់តែពិសេស និងធ្វើឱ្យពលរដ្ឋចិនរំជួលចិត្តមហាសាលទៀតនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្លាយជាមេដឹកនាំប្រទេសជាមិត្តដំបូងគេ ធ្វើដំណើរឆ្លងកាត់ព្រិលដ៏ត្រជាក់ ដើម្បីជួបសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់មិត្តចិនក្នុងការប្រយុទ្ធជាមួយមេរោគចិន។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចបាននាំគប់ភ្លើងកម្តៅខ្លួនពលរដ្ឋចិនក្នុងពេលរងការរងារដោយដំណក់ព្រិល។
ក្រៅពីព្រះមហាក្សត្រ ព្រះមហាក្សត្រី និងនាយករដ្ឋមន្ត្រីហើយនោះ ពលរដ្ឋកម្ពុជា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន សុទ្ធតែបានបង្ហាញជំហរមុតមាំរួមទុក្ខ និងប្រកៀកស្មាជាមួយចិនប្រយុទ្ធនឹងជំងឺកូវីដ១៩។
នៅពេលដែលចិនបានស្រាកស្រាន និងគ្រប់គ្រងលើជំងឺកូវីដ១៩ហើយនោះ បែរជាប្រទេសកម្ពុជា រងនូវការវាយប្រហារដោយជំងឺកូវីដ១៩វិញម្តង។ បើទោះបីថាការរាតត្បាតនៅកម្ពុជាមិនស្រួចស្រាវយ៉ាងណាក្តី មិត្តចិន បានបង្ហាញលំហបេះដូងរបស់ខ្លួនវិញផងដែរ ក្នុងការជួយកម្ពុជាប្រយុទ្ធនឹងជំងឺដ៏កាចសាហាវមួយនេះ។
ក្រុមគ្រូពេទ្យចិន សម្ភារ បិរក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ត្រូវបានរដ្ឋាភិបាលចិនបញ្ជូនមកជាបន្តបន្ទាប់។ មិនត្រឹមតែរដ្ឋាភិបាលចិនទេ កងទ័ពរំដោះប្រជាជនចិន ក៏បានបញ្ជូនសម្ភារប្រយុទ្ធជំងឺកូវីដ១៩ ជូនមកកម្ពុជា ហើយវិស័យឯកជនរបស់ចិនជាច្រើន ក៏បានចូលរួមផ្តល់សម្ភារប្រយុទ្ធនឹងជំងឺកូវីដ១៩នេះយ៉ាងច្រើនមកកម្ពុជាផងដែរ។
តាមរយៈកាយវិការជួយគ្នាទៅវិញទៅមកប្រកបដោយបេះដូងស្មោះត្រង់រវាងកម្ពុជា និងចិន ក្នុងពេលមានវិបត្តិដោយសារជំងឺកូវីដ១៩ បានបង្ហាញឱ្យច្បាស់ថា កម្ពុជា និងចិន គឺជាមិត្តដ៏ពិតប្រាកដ ជាមិត្តដ៏រឹងមាំដូចដែកថែបដែលបានប្រសិទ្ធនាមឡើងនោះ។
ខាងក្រោមនេះ គឺជាវីដេអូបង្ហាញនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៖