(ភ្នំពេញ)៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វ «កេងកងធំ» ហើយត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យាឈប់ ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃ ដូច្នេះ ទៀតហើយ ចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០។
នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដែលបានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថា ខ្លួនពិតជាបាន បាញ់សម្លាប់សត្វ «កេងកងធំ» មួយក្បាលនោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជនថា៖ «សូមទទួលស្គាល់ការពិតដែលបាញ់សម្លាប់សត្វ «កេងកងធំ» ចំនួនមួយក្បាលស្ថិតនៅក្នុងរមណីយដ្ឋាន ទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំង អស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជា ពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បុរសម្នាក់នេះបាន ទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំការសណ្តោសប្រណីពីសាធារណជន ដែលខ្លួនបានជ្រុលជ្រួស ប្រព្រឹត្តនូវកំហុសឆ្គងនេះ។ លោកបានថ្លែងថា តាមរយៈការទទួលទោសកំហុសនេះ គឺក្រសួងបរិស្ថាន ទទួលយក និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនេះជារៀងរហូត។ លោកបានថ្លែងថា នេះគឺជាគំរូ អាក្រក់មួយដែលអ្នកផ្សេងទៀតត្រូវជៀសវាង។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិនានាសូមកុំ ប្រព្រឹត្តបទល្មើសបរបាញសត្វ និងកុំបរិភោគសាច់សាច់ព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃ ឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ និងការពារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សត្វកេងកេង គឺជាប្រភេទសត្វកម្រជិតផុតពូជហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាន នៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំ ក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម។
គួរជម្រាបថា សត្វ «កេងកង» គឺជាប្រភេទបក្សីមួយ ប្រភេទដែលនៅតែបន្តមានវត្តមាន និងដែនជម្រក នៅក្នុងប្រទេសម្ពុជានៅឡើយ រហូតមកដល់ពេលនេះ ប៉ុន្តែចំនួនរបស់វា នៅតែមិនទាន់មានការ សិក្សាលម្អិតឡើយ។
យោងតាមឯកសាររបស់អង្គការសង្គមអភិរក្សសត្វព្រៃសត្វបក្សីប្រភេទនេះ ត្រូវបានគេដឹងថា គឺត្រូវបានកត់ត្រាថា វាមានដែនជម្រក នៅក្នុងប្រទេសកម្ពុជា តាំងតែពីឆ្នាំ១៩៦៤ ហើយមកដល់ បច្ចុប្បន្ននេះ ទោះបីជានៅមិនទាន់មានការសិក្សាស៊ីជម្រៅពីវាដូចជាពពួកសត្វ ត្មាត សត្វក្ង ចង្កំកស និងសត្វក្រៀល តែគេនៅតែដឹង និងឃើញអំពីវត្តមានរបស់វា នៅកម្ពុជានៅឡើយ។
ឯកសារនោះ បានឱ្យដឹងថា សត្វបក្សីប្រភេទនេះ ត្រូវបានគេសន្និដ្ឋានថា មាននៅបណ្តាភ្នំ នៅភូមិភាគនិរតី នៃប្រទេស និងបានឃើញវត្តមានខ្លះៗ នៅព្រៃស្ថិតនៅភូមិភាគឦសាន្ត ជាពិសេសគឺខេត្តមណ្ឌលគិរី។
បើទោះបីជាបក្សីប្រភេទនេះ នៅមានវត្តមាននៅកម្ពុជា ប៉ុន្តែវាគឺជាបក្សីនៅតែមានព័ត៌មានតិចតួច។ វត្តមានរបស់វាត្រូវបានកត់ត្រា នៅក្នុងការសិក្សា អំពីជីវចម្រុះនានា ជាញឹកញាប់គ្រាន់តែគ្មាន ឯកសារដែលនិយាយចំអំពីជីវសាស្ត្រ និងចំនួនរបស់ពួកវា នៅក្នុងប្រទេសដដែល។
នៅក្នុងអំឡុងពេលធ្វើការអង្កេតមួយ នៅតំបន់ព្រៃការពារស្នូលគេ ក៏បានប្រទះឃើញវត្តមានរបស់វាផងដែរ ជាពិសេស គឺតំបន់ដែលមានព្រំប្រទល់ ជាប់នឹងព្រំដែនវៀតណាម ដោយទីនោះគេបានរកឃើញមានសំបុករបស់វាមួយចំនួន។
សត្វ «កេងកង» គឺជាបក្សីដែលចូលចិត្តរស់នៅ និងមានសំបុកពងកូននៅព្រៃដែលមានដើមឈើធំៗ និងជាប្រភេទបក្សីស៊ីផ្លែឈើធំៗជាអាហារ។ ក្រៅពីកម្ពុជាវា គឺជាបក្សីដែលរស់នៅក្នុងព្រៃ នៃតំបន់ត្រូពិកនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ វាកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះ នៅប្រទេសឡាវ និងនៅប្រទេសថៃ។ រហូតមកដល់ពេលនេះវា គឺជាបក្សីមានបង្គួរដោយសារតែការបាត់បង់ ដែនជម្រក បណ្តាលមកពីការបាត់បង់ព្រៃឈើ និងការប្រមាញ់ខុសច្បាប់នានា៕