(ភ្នំពេញ)៖ លោក អ៊ីវ លាង អគ្គាធិការនៃអគ្គាធិការដ្ឋាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ឆ្លងរបាយការណ៍ ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណី ដែលមានភាពមិនប្រក្រីត្រី។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។
ករណីទាំង២នោះ រួមមាន៖
ករណីទី១៖ បណ្តឹងរបស់ប្រជាពលរដ្ឋមួយរូប គោរពជូនសម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលចំនួន២រូប ស្លៀកពាក់ឯកសណ្ឋានជានគរបាល និង៤រូបទៀត ស្លៀកពាក់ជាស៊ីវិល ចំណុះអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចាប់ខ្លួនប្តីរបស់ អ្នកស្រីដោយចោទថា ជាអ្នកជួញដូរគ្រឿនញៀនទាំងអយុត្តិធម៌ទៅវិញ ដែលសង្គមកំពុងស្ពប់ខ្ពើមនោះ។
ករណីទី២៖ ករណីសារព័ត៌មានចុះផ្សាយថា វរសេនាតូចការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃុបឃិតជាមួយឈ្មួញ អនុញ្ញាតឲ្យ នាំចូលទំនិញគេចពន្ធ និងនាំពលករឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់ ព្រោះតែប្រយោជន៍តាមច្រករបៀង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕