(កំពង់ចាម)៖ កន្លងមកដោយមើលឃើញថា រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអាគារផ្ទាល់ខ្លួនសម្រាប់ធ្វើការនោះ ទើបនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចសាងសង់អគារសាលាសង្កាត់បឹងកុកថ្មី នៅលើទីតាំងដីរដ្ឋមួយកន្លែងស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម មានទំហំ ៤០គុណនឹង៥០ ដែលគ្រោងចាប់ផ្ដើមចាក់ដីសាងសង់ពីពេលនេះតទៅ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ទីតាំងថ្មីខាងលើ អាជ្ញាធរតម្រូវធ្វើផ្លូវចូលប្រវែងប្រមាណ១៦០ម៉ែត្រ ដោយត្រូវចំណាយថវិកាមូលនិធិសង្កាត់ឆ្នាំ២០២១ ប្រហែលជាង ២០០លានរៀល។
តាមមន្ត្រីដដែលឲ្យដឹងទៀតថា អាគារសាលាសង្កាត់ បឹងកកថ្មីនេះ នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២០ ដែលកសាងដោយថវិការបស់រដ្ឋបាលខេត្ត គ្រោងនឹងចំណាយចំនួន ៣៥០លានរៀល៕