(ឧត្តរមានជ័យ)៖ បុរសម្នាក់បានស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ ចំណែកត្រាក់ទ័របានបានរងការខូចខាតទាំងស្រុង ក្នុងករណីពេលកំពុងភ្ជួរដី ជាន់ចំមីនតោន បណ្តាលឲ្យផ្ទុះកក្រើកឡើង។

ហេតុការណ៍គួរឲ្យតក់ស្លុតនេះ បានកើតឡើង នៅវេលាម៉ោង០២៖៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកអន្លង់វែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រទៅភ្ជួរដីចម្ការ របស់បង នៅចំណុចខាងលើ។ ចៃដន្យពេលកំពុងភ្ជួរដី ស្រាប់តែត្រាក់ទ័របានបើកជាន់មីនតោន ដែលបន្សល់ទុកពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះកក្រើកឡើង ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកត្រាក់ទ័ររងការខូចខាតធ្ងន់ធ្ងរ។

ជនរងគ្រោះមានឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕