(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពរបស់គម្រោង បោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ និងការរៀបចំផែនការ គម្រោងដំណាក់កាលទី៤។

លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំអង្គការ UNDP និងមន្រ្តី គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលរបស់ UNDP ដែលបានខិតខំជួយសម្របសម្រួល និងស្វែងរកធនធានសម្រាប់ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលនេះ។

ជាពិសេស UNDP បានកំណត់យកការបោសសម្អាតមីន ជាការងារអាទិភាព ដែលស្របតាមផែនការយុទ្ធសាស្រ្តជាតិ វិស័យសកម្មភាពមីន ២០១៨-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីនទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការ និងអនុវត្តគម្រោងនេះ រហូតទទួលបានលទ្ធផលធំៗ ជាច្រើនគួរជាទីមោទនៈ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឲ្យថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការបន្តអនុវត្តគម្រោងនេះ ជាពិសេសត្រូវអនុវត្តតួនាទី ភារកិច្ចឲ្យបានត្រឹមត្រូវតាមនីតិវិធី ប្រកបដោយយុត្តិធម៌ តម្លាភាព និងប្រសិទ្ធភាពខ្ពស់។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីនទាំងអស់ ត្រូវបន្តសហការ និងប្រជុំពិភាក្សាការងារសំខាន់ៗបន្តទៀត ដើម្បីបញ្ចប់ការងារទាំងនេះ ឲ្យបានទាន់ពេលវេលាកំណត់ និងរាយការណ៍ទៅកាន់ប្រទេសម្ចាស់ជំនួយ ឲ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្រ្តី បានស្នើឲ្យថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីនទាំងអស់ ត្រូវបន្តផ្តោតការយកចិត្ត ទុកដាក់ប្រជុំពិភាក្សា ដើម្បីប្រមូលធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ ឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា ដើម្បីអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធ ផលខ្ពស់។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់តំណាង UNDP ថ្នាក់ដឹកនាំអាជ្ញាធរមីន ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបានពិភាក្សាគ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសធ្វើឲ្យកិច្ចប្រជុំ ទទួលបានលទ្ធផលដូចការរំពឹងទុក៕