(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំង និងផ្ដល់ឋានៈជូនលោកស្រី កែវ ច័ន្ទស៊ុនណារី ជាជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយករង។ នេះបើតាមអនុក្រឹត្យ ស្ដីពី ការតែងតាំងមន្ដ្រីរាជការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

លោកស្រី កែវ ច័ន្ទស៊ុនណារី បានចូលបម្រើការងារជូនជាតិមាតុភូមិ តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៧៩ និងបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៨៥។ លោកស្រីបានលះបង់អស់ពីកម្លាំងកាយចិត្តខិតខំបម្រើការងារយ៉ាងស្មោះស័គ្រ និងបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងគណបក្សប្រជាជនកម្ពុជា។

លោកស្រី កែវ ច័ន្ទស៊ុនណារី ជាមនុស្សម្នាក់មានសមត្ថភាព មានភាពជាអ្នកដឹកនាំ មានចរិតសុភាពរាបសា ទន់ភ្លន់​ រួសរាយ រាក់ទាក់ និងទទួលបានការកោតសរសើរ គោរពស្រលាញ់ពីមន្ត្រីរាជការដែលបម្រើការងារជាមួយគ្នាគ្រប់ស្រទាប់។

ថ្វិត្បិតតែពេលនេះ លោកស្រី កែវ ច័ន្ទ ស៊ុនណារី ដល់អាយុចូលនិវត្តន៍ក៏ពិតមែន តែលោកស្រីបានបន្សល់ទុកនូវស្នាដៃជាច្រើនរាប់មិនអស់ និងបានបង្ហាត់បង្រៀន បណ្តុះបណ្តាលមន្ត្រីក្មេងៗជំនាន់ក្រោយឱ្យចេះគោរពស្រលាញ់គ្នាទៅវិញទៅមក ចេះជួយយកអាសាគ្នា បណ្តុះស្មារតីទទួលខុសត្រូវចំពោះការងារ និងអង្គភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ។

គុណតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់លោកស្រីចំពោះជាតិមាតុភូមិ គឺស័ក្កសមនឹងទទួលបានការលើកទឹកចិត្តដែលរាជរដ្ឋាភិបាលបានផ្តល់ជូនគាត់នាពេលនេះ៕

ខាងក្រោមនេះ ជាអនុក្រឹត្យ ស្ដីពី ការតែងតាំងមន្ដ្រីរាជការ៖