(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីសម្រេចឲ្យសេវាករផ្គត់ផ្គង់អគ្គិសនីចំនួន២ ខេត្តកំពង់ធំ បញ្ចុះតម្លៃអគ្គិសនី ក្រោយតម្លៃប្រេងម៉ាស៊ូតធ្លាក់ចុះ។

អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវធ្វើការកែសម្រួលបញ្ចុះអត្រាថ្លៃលក់អគ្គិសនី ឲ្យសេវាករដែលនៅប្រើម៉ាស៊ីនផលិតអគ្គិសនី សម្រាប់លក់ឲ្យអ្នកប្រើប្រាស់របស់ខ្លួន ផ្អែកតាមតារាងថ្លៃលក់អគ្គិសនីប្រែប្រួលតាមថ្លៃប្រេងម៉ាស៊ូតរបស់សេវាករ ដោយកំណត់ថ្លៃប្រេងម៉ាស៊ូតខែឧសភា ឆ្នាំ២០២០ ស្មើនឹង ៥៨៣ ដុល្លារក្នុង១តោន សម្រាប់បញ្ចុះអត្រាថ្លៃលក់អគ្គិសនីចំនួន២០០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង ឲ្យសេវាករ សៀង ទី និងសេវាករ ថៃ ធីតា ដោយគិតលើថាមពលប្រើប្រាស់ក្នុងខែ ឧសភា ឆ្នាំ២០២០ ត្រូវនឹងការចេញវិក្កយបត្រថ្លៃអគ្គិសនី ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដូចខាងក្រោម៖

១៖ បញ្ចុះអត្រាថ្លៃលក់អគ្គិសនីឲ្យសេវាករ សៀង ទី ធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ឲ្យអ្នកប្រើប្រាស់ទូទៅនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពីថ្លៃ២,០៥០ (ពីរពាន់ហាសិប) រៀលក្នុង១គីឡូវ៉ាត់ម៉ោង មកថ្លៃ១,៨៥០ (មួយពាន់ប្រាំបីរយហាសិប) រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

២៖ បញ្ចុះអត្រាថ្លៃលក់អគ្គិសនីឲ្យសេវាករ ថៃ ធីតា ធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ឲ្យអ្នកប្រើប្រាស់ទូទៅនៅឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពីថ្លៃ ២,៩០០ (ពីរពាន់ប្រាំបួនរយ) រៀលក្នុង១គីឡូវ៉ាត់ម៉ោង មកថ្លៃ២,៧០០ (ពីរពាន់ប្រាំពីររយ) រៀលក្នុង១គីឡូវ៉ាត់ម៉ោង៕