(ភ្នំពេញ)៖ ដោយមើលឃើញពីភាពលំបាកក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រមួយចំនួន ដែលបានរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ជាពិសេសស្របពេលដែលប្រទេសកំពុងជួបប្រទះនូវជំងឺកូវីដ១៩ ក្រុមហ៊ុនរថយន្ត MG នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកអំណោយរួមមានអង្ករ ៩០បាវ ប្រគល់ជូនដល់ពលរដ្ឋក្រីក្រនៅសង្កាត់ស្ទឹងមានជ័យ និងអង្ករចំនួន ១១០បាវ ប្រគល់ជូនមណ្ឌលកុមារកំព្រា «សមាគមស្នាមញញឹមថ្មីក្តីសង្ឃឹមរបស់កុមារ»

ក្រុមហ៊ុន MG តែងតែបានចូលរួមចំនែកក្នុងការជួយដល់អ្នកដែលខ្វះខាត និងរងគ្រោះដោយវិបត្ដិសេដ្ឋកិច្ចដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះដែរនៅក្នុងពេលបច្ចុប្បន្ននេះ គ្រួសារមួយចំនួនមានការខ្វះខាតប្រាក់ចំណូលដោយសារការបិទអាជីវកម្មជាបណ្តោះអាសន្ន ឬកង្វះអតិថិជនក្នុងការជួយទិញ ព្រោះពួកគេក៏រងគ្រោះចំពោះស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះផងដែរ។

តំណាងក្រុមហ៊ុន MG បានឱ្យដឹងដែរថា បុគ្គលិកផ្នែកលក់, ផ្នែករដ្ឋបាល និងផ្នែកផ្តល់សេវាកម្មរបស់ក្រុមហ៊ុន MG បានមូលមតិគ្នាផ្តួចផ្តើមគំនិតនេះ ស្នើរដល់ថ្នាក់គ្រប់គ្រងដើម្បីបង្កើតកម្មវិធីជួយដល់កន្លែងចំនួនពីរដែលកំពុងត្រូវការជំនួយ ដោយបានជ្រើសរើសយកអង្ករទៅចែកជូនដល់មណ្ឌលកុមារកំព្រា «សមាគមស្នាមញញឹមថ្មីក្តីសង្ឃឹមរបស់កុមារ» ដែលមានទីតាំងនៅផ្លូវជាតិលេខ២ និងនៅសង្កាត់ស្ទឹងមានជ័យ។

ជាមួយគ្នានោះដែររថយន្ត២គ្រឿងរបស់ MG បានធ្វើឱ្យការចែកចាយអង្ករទៅកាន់ប្រជាជនអ្នកខ្វះខាតបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបាននូវការកោតសរសើរ និងស្នាមញញឹមដែលពោរពេញទៅដោយការដឹងគុណក្រៃលែងពីសំណាក់ប្រជាជននៅស្ទឹងមានជ័យ និងមណ្ឌលកុមារកំព្រាផងដែត។

កញ្ញា កែ ចរណៃ អ្នកសម្របសម្រួលផ្នែកទីផ្សារក្រុមហ៊ុនTF Motor បានឱ្យដឹងដែរថា វាជារឿងចាំបាច់ណាស់សម្រាប់ក្រុមហ៊ុនឯកជនដើម្បីរួមគ្នា និងជួយប្រជាជនក្នុងតំបន់។ យើងមានទាំងឱកាសនឹងសំណាងដែលប្រទេសកម្ពុជាបានស្វាគមន៍យើងដោយបើកចំហ។ ដូច្នេះយើងគប្បីផ្តល់ជូនទៅសង្គមវិញនូវអ្វីដែលយើងអាចជួយបាន។

សូមបញ្ជាក់ផងដែរថា ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនៃស្ថានភាពបច្ចុប្បន្ននេះក្រុមហ៊ុន TF Motor, អ្នកចែកចាយផ្តាច់មុខផ្លូវការរបស់ក្រុមហ៊ុន MG Motor នៅកម្ពុជា ក៏បានសម្រេចចិត្តចូលរួមចំណែកដោះស្រាយវិបត្តិនេះផងដែរ៕