(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធនៃក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅឃុំតាកែន ឃុំដូនយ៉យ ឃុំល្បើក ឃុំសត្វពង និងឃុំបឹងនិមល ក្នុងស្រុកឈូក ៨៩គ្រួសារ។

កម្មវិធីនេះបានធ្វើឡើងនៅភូមិពោធិ៍ដុះ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

លោកអភិបាលខេត្ត ជាវ តាយ បានបញ្ជាក់ថា ជានិច្ចកាល កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានបំពេញបេសកកម្មមនុស្សធម៌ រួមសុខរួមទុក្ខរំលែកលំបាកជាមួយប្រជាពលរដ្ឋ គ្រប់ពេលវេលាទូទាំងប្រទេស។ ពោលទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមជានិច្ច ដោយមិនបានរើសអើងអ្វីទាំងអស់។

ជាក់ស្តែង ស្ថិតក្នុងស្ថានភាពប្រទេសជាតិ និងពិភពលោករួមគ្នាប្រយុទ្ធ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តែងបានចូលរួមជាមួយអាជ្ញាធរសាធារណៈ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ចុះដល់មូលដ្ឋាន ដើម្បីអប់រំ ផ្សព្វផ្សាយ ពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ និងផ្គត់ផ្គង់សម្ភារបរិក្ខារ ស្បៀងអាហារទំនុកបំរុងជូនដល់ប្រជាពលរដ្ឋ ដែលប្រឈមការខ្វះខាត ដោយមិនទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់មិនបានដឹង និងមិនបានដោះស្រាយឡើយ។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់អនុវត្ត ប្រកាន់ខ្ជាប់ អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ឧស្សាហ៍លាងសម្អាត ដៃដោយសាប៊ូ ឬទឹកអាកុល ដើម្បី រក្សាបាននូវសុខភាពល្អ ជៀសផុត ការឆ្លងនៃវីរុសកូវីដ១៩ ដ៏កាចសាហាវនេះ មកលើសង្គមគ្រួសារ និងសហគមន៍ ព្រោះជំងឺកាចសាហាវនេះ នៅពុំទាន់ធូរស្បើយនៅឡើយទេនាបច្ចុប្បន្ន ក្នុងពិភពលោកយើងនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ បង្កបង្កើនផលកសិកម្ម ដាំដុះចិញ្ចឹមសត្វ ដើម្បីជួយដោះស្រាយសម្រាលការខ្វះខាត ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ និងក្រើនរំលឹកណែនាំដល់សមាជិកគ្រួសារ ឲ្យចូលរួមអនុវត្តច្បាប់នានា របស់រាជរដ្ឋាភិបាលឲ្យបានល្អ ជៀសឲ្យផុតពីល្បែងអបាយមុខគ្រឿងញៀន និងបើកបរត្រូវមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីសេចក្ដីសុខ និងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, អំបិល២គីឡូក្រាម, ទឹកសុទ្ធ១យួរ និងថវិកា រួមមាន៖

១៖ រលំផ្ទះទាំងស្រុង ចំនួន៤គ្រួសារ ដោយមួយគ្រួសារទទួលបាន ២០ម៉ឺនរៀល សរុបស្មើនឹង ៨០០,០០០រៀល។
២៖ របើកដំបូលផ្ទះធ្ងន់ធ្ងរ ៦២គ្រួសារ ដោយមួយគ្រួសារទទួលបាន ថវិកា៤ម៉ឺនរៀល សរុបស្មើនឹង ២,៥៦០,០០០រៀល។
៣៖ របើកដំបូលស្រាល ចំនួន២១គ្រួសារ ដោយមួយគ្រួសារទួលបានថវិកា ២ម៉ឺនរៀល សរុបស្មើនឹង ៤២០,០០០រៀល។

ក្រៅពីនេះ បានឧបត្ថម្ភថវិកាចំនួន ៧២ម៉ឺនរៀល ជូនដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ និងគ្រូពេទ្យផងដែរ៕