(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលបានឃាត់លោក សុខ ឧត្តម ម្ចាស់វិទ្យុ FM99.75 នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រ «រិទ្ធិសែន» មកសួរនាំពាក់ព័ន្ធការផ្សាយព័ត៌មាន ញុះញង់ឲ្យប្រជាពលរដ្ឋទន្ទ្រានយកដីរបស់រដ្ឋ។

លោកឧត្តមសេនីយ៍ទោ ខូវ លី បានអះអាងទៀតថា រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញមិនទាន់បញ្ចប់ការសួរនាំលោក សុខ ឧត្តម នៅឡើយទេ ហើយក៏មិនទាន់អនុញ្ញាតឲ្យបុគ្គលរូបនេះ ត្រឡប់ទៅផ្ទះវិញដោយ ពោលត្រូវបន្ដសួរនាំនៅថ្ងៃស្អែកបន្ថែមទៀត ពាក់ព័ន្ធអ្វីដែលលោកបានផ្សព្វផ្សាយជាសាធារណៈនាពេលកន្លងទៅ។

សូមជម្រាបថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាបណ្ណស្ថានីយវិទ្យុ FM99.75MHz និងគេហទំព័រឈ្មោះ «រិទ្ធិសែន»។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានអះអាងថា ការសម្រេចលុបនេះ ដោយសារម្ចាស់អាជ្ញាបណ្ណទាំងពីរខាងលើ បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឲ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្ដិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការរំលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់នៅក្រសួងព័ត៌មាន៕