(កំពង់ចាម)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាលស្រុកជើងព្រៃ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបវង់ល្បែងស៉ីសងមួយករណី នៅភូមិព្នៅលិច ឃុំព្រៃចារ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដោយក្នុងនោះកម្លាំងជំនាញ បានឃាត់ខ្លួនមុខសញ្ញាលេងល្បែង ចំនួន៧នាក់។

លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ហ៊ី គាង អាយុ៥៦ឆ្នាំ រស់នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ, ទី២៖ឈ្មោះ ជា ដារ៉ា អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ ហ៊ា វ៉ៃ អាយុ៦២ឆ្នាំ, ទី៤៖ឈ្មោះ ឡាញ់ សារ៉ាត់ អាយុ៥២ឆ្នាំ, ទី៥៖ឈ្មោះ ហ៊ាន សុខា អាយុ៥២ឆ្នាំ, ទី៦៖ឈ្មោះ ហ៊ន ម៉ាច អាយុ៥៥ឆ្នាំ និងទី៧៖ឈ្មោះ ទេព ធី អាយុ៣៤ឆ្នាំ រស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន ចានអាប៉ោងចំនួន០១, សៀវភៅកត់លេខឆ្នោត ចំនួន០៣ក្បាល, បៀរចំនួន០៣ហ៊ូ, ផ្តិលគ្របអាប៉ោងចំនួន០១, ហាន់តោអាប៉ោងចំនួន០១, ម៉ូតូចំនួន១០គ្រឿង, ប្រាក់រៀល ចំនួន១,៣២០,០០០រៀល និងប្រាក់ដុល្លារចំនួន៦០៥ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ ជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕