(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ មុននឹងឈានចូលដល់ការជជែកលើរបៀបវារៈដែលបានគ្រោងទុក្ខនោះ សម្តេចតេជោ ក៏បានឆ្លៀតថ្លែងណែនាំពីវិធានការមួយចំនួនពាក់ព័ន្ធស្ថានភាពរីករាលដាលជំងឺកូវីដ១៩ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យមានរលកនៃការរីករាលជំងឺកូវីដ១៩នេះ កើតមានជាថ្មី។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរឱ្យពិនិត្យតាមភោជនីយដ្ឋានទាំងឡាយឱ្យអនុវត្តន៍នូវវិធានអនាម័យ ហើយបើភោជនីយដ្ឋានណាមិនអនុវត្តន៍ទេ ត្រូវបិទទ្វារជាបណ្តោះអាសន្នសិន។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីវិធានការគាំពារសង្គមមួយចំនួន ដែលត្រូវបានដាក់ចេញក្នុងកំលុងពេលរីករាលដាលជំងឺកូវីដ១៩នេះ។ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានសម្រេចបន្ថែមថវិកាគាំពារលើការបាត់បង់ការងារផងដែរ៕