(សៀមរាប)៖ ស្របពេលដែលវិបត្តិនៃជំងឺកូវីដ១៩ កំពុងបន្តជះឥទ្ធិពលយ៉ាងអាក្រក់ដល់ដំណើរការអាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនជាដើម គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប បានដាក់ចេញនូវផែនការគន្លឹះមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប សំដៅជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
យន្តការគន្លឹះដែលគណៈកម្មការគ្រោងដាក់ចេញដើម្បីទាក់ទាញទេសចជាតិ មានដូចជាជំរុញឲ្យបណ្តាស្រុក ជាពិសេសស្រុកដែលមានសក្តានុពលទេសចរណ៍ត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវគោលដៅទេសចរណ៍របស់ខ្លួន តាមរយៈមធ្យោបាយងាយៗដូចជាបណ្តាញហ្វេសប៊ុកជាដើម ការជំរុញឲ្យមានកម្មវិធីទេសចរណ៍ខ្នាតតូច ដូចជា បោះតង់ ជិះកង់កម្សាន្ត ការរៀបចំសម្អាតបរិស្ថាន ហេដ្ឋារចនាសម្ពន្ធ និងស្តង់ដាចំណីអាហារដែលធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាដើម។
ក្នុងកិច្ចប្រជុំស្វែងរកយន្តការទាក់ទាញភ្ញៀវទេសចរជាតិ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ស្ថានភាពបច្ចុប្បន្នមិនអាចរង់ចាំភ្ញៀវទេសចរអន្តរជាតិនោះទេ តែត្រូវរិះរកវិធីសាស្ត្រយ៉ាងណាឲ្យភ្ញៀវជាតិមកទស្សនាតំបន់ទេសចរណ៍ឲ្យបានច្រើន។ ទោះមិនអាចជំនួសភ្ញៀវទេសចរអន្តរជាតិបាន តែភ្ញៀវទេសចរជាតិអាចជួយជំរុញឲ្យសេវាកម្មទេសចរណ៍នានាឲ្យដំណើរការបានមួយចំនួនផងដែរ។
លោក សុខ សង្វារ អគ្គនាយករង និងជាអនុប្រធានគណៈកម្មការបានគាំទ្រនូវយន្តការដែលអង្គប្រជុំបានលើកឡើង ដើម្បីជំរុញឲ្យចលនាទេសចរណ៍ក្នុងចំណោមភ្ញៀវជាតិ។ ទោះជាយ៉ាងណា លោកបានក្រើនរំឭកដល់អង្គប្រជុំអំពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ គឺត្រូវគិតគូរដល់ការបង្ការពីការរីករាលនៃជំងឺកូវីដ១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយសារតែជំងឺនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេ។
ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យបង្កើតក្រុមការងារតូចមួយក្នុងចំណោមគណៈកម្មការនេះ ដើម្បីសិក្សាស្រាវជ្រាវបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ ដែលគេបានរៀបចំឡើងក្នុងវិបត្តិកូវីដនេះដែរ ជាពិសសឆ្លៀតឱកាសប្រែក្លាយបញ្ហានេះទៅជាឱកាស ដើម្បីរៀបចំគោលដៅទេសចរណ៍របស់ខេត្ត ដូចជា បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ពន្ធ ការបណ្តុះបណ្តាលបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម៕