(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តក្រើនរំឮកដល់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តចុះត្រួតពិនិត្យស្ថានភាព នៃអង្គភាពរបស់ខ្លួន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងគ្រាដែលមានការគំរាមកំហែងពីមេរោគកូវីដ-១៩។
ការក្រើនរំឮកបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងស្របពេល ដែលអង្គការសុខភាពពិភពលោក WHO បានព្រមានថា វីរុសកូរ៉ូណាថ្មីបង្កជាជំងឺរលាកផ្លូវដង្ហើម COVID-19 នឹងមិនរលាយបាត់នោះទេ ហើយបើទោះជាមានវ៉ាក់សាំងក៏ដោយ ក៏ពិភពលោកនៅតែចាំបាច់ ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគ្រប់គ្រងវីរុសនេះ។ បើតាម WHO បានឱ្យដឹងថា មកទល់នឹងពេលនេះ វ៉ាក់សាំងច្រើនជាង ១០០ ប្រភេទ-ទីតាំង កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ។
តាមរយៈទំព័រ Facebook ផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានង្ហោះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តក្រើនរំឮកយ៉ាងដូច្នេះថា៖ «យើងនឹងមិនអាចដឹងអ្វីបានពិតប្រាកដនោះទេ ប្រសិនបើយើង ពុំទៅមើលដល់ទីកន្លែង។ ដូចនេះ សូមថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តចុះត្រួតពិនិត្យស្ថានភាព នៃអង្គភាពរបស់ខ្លួន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងគ្រាដែលមានការគំរាមកំហែងពីមេរោគកូវីដ-១៩»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២១នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសល់តែម្នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។
ដោយឡែកយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃស្រុក ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៥២១,១៧៤ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣០៣,០៧០នាក់ និងជាសះស្បើយឡើងវិញ ១,៧០២,១១៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ក៏បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤៥៦,៧៤៥នាក់ ស្លាប់ចំនួន ៨៦,៩០០នាក់ និងជាសះស្បើយចំនួន ៣១៧,៩៨៨នាក់៕