(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា រហូតមកពេលនេះ មន្ត្រីជំនាញក្រសួងបរិស្ថាន បាននិងកំពុងចំពោះករណីបាញ់សម្លាប់សត្វទន្សោងចំនួនពីរក្បាល នៅខេត្តមណ្ឌលគិរី។
សត្វទន្សោងពីរក្បាល ជាសត្វព្រៃកម្រនៅក្នុងប្រទេសកម្ពុជា តែត្រូវបានគេប្រទះឃើញងាប់ក្នុងបរិវេណដីក្រុមហ៊ុនមួយស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថ្មីៗនេះ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រូបភាពនេះនៅខេត្តមណ្ឌលគិរី ជាសត្វទន្សោងដែលទើបរកឃើញស្លាប់ម្សិលមិញ មិនមែននៅខេត្តឧត្តរមានជ័យទេ ប៉ុន្តែរូបភាពរថយន្តនេះ អាចនៅឧត្តរមានជ័យ មន្ត្រីមន្ទីរបរិស្ថាន បាននិងកំពុងស្រាវជ្រាវករណីនេះ»។
សូមបញ្ជាក់ថា មួយរយៈនេះក្រុមព្រានព្រៃជំនាញខាងបរបាញ់សត្វ ឈានដល់ប្រើកាំភ្លើងកែច្នៃ ប្រើគ្រាប់ជាតិគីមី បាញ់ពេលថ្ងៃ ហើយរក្សាទុកសត្វងាប់ក្នុងព្រៃ ដោយមិនឱ្យខូចសាច់ លុះពេលយប់ទើបពួកគេចូលទៅយក ដើម្បីបញ្ចៀសពីការចាប់ខ្លួនពីក្រុមសមត្ថកិច្ចជំនាញ។
ការឆ្លើយតបបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្រោយគណនី Facebook ឈ្មោះ Vadthanak Preap បានបង្ហោះសារថា មានករណីបាញ់សម្លាប់សត្វទន្សោងចំនួនពីរក្បាល បណ្តាលឱ្យងាប់នៅក្នុងព្រៃសង្ឃរុក្ខវ័ន្ត ស្ថិតនៅត្រង់ចំណុចំការចេក ភ្នំអណ្តូងភូមិចាថ្មី ខាងកើតមន្ត្រីបរិស្ថាន ប្រមាណជាង១០០ម៉ែត្រ។
គណនី Facebook ឈ្មោះ Vadthanak Preap បានបង្ហោះសាររបស់ព្រះសង្ឃយ៉ាងដូច្នេះថា៖ «ថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០២០នេះ គឺឡានមន្ត្រីយោធា ដែលចូលមកបាញ់សត្វនៅក្នុងព្រៃសង្ឃរុក្ខវ័ន្ត នៅត្រង់ចំណុចំការចេក ភ្នំអណ្តូងភូមិចាថ្មី ខាងកើត មន្ត្រីបរិស្ថានប្រមាណជាង១០០ម៉ែត្រ សោះហេតុអ្វីបានជាគាត់មិនលឺកាំភ្លើងបាញ់សត្វអីចឹង? ក្រោយបានបាញ់ ហើយគាត់បើកគេចចង់បំបុក ហ្វូងពួកអាត្មារទៀត ឆ្ងល់ៗៗៗ។ ពួកអាត្មាជាអ្នកអភិរក្សញោម ជាអ្នកបំផ្លាញតើសមទេ? ព្រះអង្គ ស្នើដល់ក្រសួងការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់ មេត្តាជួយអន្តរាគមន៍ករណីមន្ត្រីយោធា ប្រើប្រាស់រថយន្ត ម៉ាកអីស៊ុស៊ុ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-94 04 តែងមានគំនិតទុច្ចរិតសត្វឃាត ក្នុងតំបន់ដែនព្រៃអភិរក្ស របស់សង្ឃរុក្ខវន័្ត។ សំណេរ ព្រះសង្ឃ»។
លោក អ៊ុ វណ្ណសុភៈ ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រុមហ៊ុន «លឹម រ៉ូយ៉ាល់» បានរាយការណ៍ថា មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុនរបស់ខ្លួន ទើបក្រុមការងារខ័ណ្ឌរដ្ឋបាលព្រៃឈើ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន «លឹម រ៉ូយ៉ាល់»។
ដោយតាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារ បានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល ៣០ម៉ែត្រ។ តែបច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយលោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សម្តែងការសោកស្ដាយ យ៉ាងខ្លាំងចំពោះការបាត់បង់ប្រភេទសត្វដ៏កម្រ បែបនេះ។ លោកបន្តថា បានចាត់មន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះហើយ ដើម្បីវែកមុខរកជនដែលប្រព្តឹតខុសច្បាប់៕