(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គនេះ។
លោក ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កិច្ចការប្រឹងប្រែងក្នុងការធ្វើច្បាប់ទាំងពីរនេះ មិនមែនដើម្បីបំពេញចិត្តអង្គភាពណានោះទេ តែវាគឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។
លោក ផៃ ស៉ីផាន បានប្រកាសយ៉ាងដូច្នេះថា៖ «កិច្ចការប្រឹងប្រែងធ្វើច្បាប់ទាំងពីរនេះ គឺមិនមែនបំពេញចិត្តអង្គភាពណានោះទេ គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិ ដែលត្រូវកែលម្អច្បាប់ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្តទៅលើ លក្ខ័ណជាសមាជិករបស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG)»៕