(បន្ទាយមានជ័យ)៖ មានពលករខ្មែរចំនួន ៦៦នាក់ បានលួចឆ្លងដែនតាមច្រករបៀងរបស់ប៉ុស្តិ៍វរសេនាតូចការពារព្រំដែនគោកស្វាយចេក៨១៩ ក្នុងខេត្តបន្ទាយមានជ័យ ទៅប្រទេសថៃ តែត្រូវបានកម្លាំងចម្រុះ ដែលប្រចាំការនៅទីនោះ ធ្វើការឃាត់ដើម្បីយកមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំ។
បើតាមរបាយការណ៍សមត្ថកិច្ច ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះបានឲ្យដឹងថា ពលករខ្មែរទាំង ៦៦នាក់នោះ បានមកពីបណ្តាខេត្តផ្សេងៗ។
ពួកគេត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន និងនាំមកកាន់ប៉ុស្តិ៍វរការពារព្រំដែនគោកលេខ៨១៩ ស្វាយចេក និងបានធ្វើការអប់រំកិច្ចសន្យា ដើម្បីបញ្ឈប់ក្នុងការលួចឆ្លងដែនដោយខុសច្បាប់ទៀត។
ក្រោយធ្វើកិច្ចសន្យាណែនាំ និងអប់រំរួចមក ក្រុមពលករទាំង៦៦ ត្រូវបានអនុញ្ញាតឲ្យវិលទៅគេហដ្ឋានរៀងៗខ្លួនឡើងវិញ។
អាជ្ញាធរក៏ដូចសមត្ថកិច្ចក្នុងមូលដ្ឋានសង្ឃឹមថា ពលករខ្មែរដែលមានបំណងលួចឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ ឬដោយខ្លួនឯង ឈប់រាល់ការប៉ុនប៉ងលួចឆ្លងដែនខុសច្បាប់ទៀត ព្រោះថាបច្ចុប្បន្នប្រទេសថៃ កំពុងមានការរឹតបន្តឹងព្រោះតែជំងឺមេរោគកូវីដ១៩ រីករាលដាលទៅមនុស្សជាច្រើននាក់។
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការ ស្ដីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសជិតខាងតាមច្រករបៀងនានា។
សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាង ខណៈពេលដែលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។
តាមរយៈសេចក្ដីណែនាំនោះ សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញវិធានការចំនួន៥ចំណុច ទៅកាន់អភិបាលខេត្ដជាប់ព្រំដែន ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ជំងឺ COVID-19។
ក្នុងចំណោមវិធានការទាំងនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឲ្យស្រាវជ្រាវ ស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរ ឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាង តាមច្រករបៀនានា៕