(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ បង្ហាញលទ្ធផលយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការបង្កើននូវទឹកប្រាក់ផាកពិន័យ បន្ទាប់ពីការអនុវត្តបាន២សប្ដាហ៍កន្លងមក។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា រយៈពេល១៤ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-១៤ ខែឧសភា ឆ្នាំ២០២០ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងទៀតថា រយៈពេល១៤ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់៤៨នាក់ និងរបួស១២២នាក់។ សម្រាប់ថ្ងៃទី១៤ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន១០១២គ្រឿង ក្នុងនោះម៉ូតូមាន ៦៦៩គ្រឿង និងរថយន្ត ៤៤៣គ្រឿង។
បើតាមនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕