(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់បុគ្គលជាឪពុកចុង ដែលបានធ្វើទារុណកម្ម ដោយចាប់កាច់ដៃ កាច់ជើងកុមារអាយុ០៧ខែ យ៉ាងអាណោចអាធម្ម និងគំរាមបាញ់ សម្លាប់ស្ត្រីជាម្ដាយ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ នៅភូមិសុក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលករណីនេះសមត្ថកិច្ចបាននិងកំពុងចាត់វិធានការតាមនីតិវិធី។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក៏ដូចជាសាធារណជនទូទៅ បានស្តាប់ឮការ រៀបរាប់របស់ស្ត្រីជាម្ដាយ មានការរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមាររងគ្រោះ ដោយអំពើអមនុស្សធម៌នេះ និងយល់ឃើញថា អំពើដ៏សាហាវ ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃរបស់បុគ្គលរូបនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិរស់រានមានជីវិតរបស់កុមារ។
ពាក់ព័ន្ធនឹងអំពើឃោរឃៅ ព្រៃផ្សៃអមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការមេត្តាយកចិត្តទុកដាក់ចាត់ វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមយើងបន្តទៀត។
គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមកនេះ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមថា បុគ្គលជាឪពុកចុង ឈ្មោះ ធួន ផាន់ណា បានធ្វើទារុណកម្ម ដោយចាប់កាច់ដៃ កាច់ជើងកុមារឈ្មោះ ភី វាសនា អាយុ០៧ខែ យ៉ាងអាណោចអាធម្ម និងគំរាមបាញ់សម្លាប់ស្ត្រីជាម្ដាយ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ នៅភូមិសុក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលករណីនេះ សមត្ថកិច្ចបាន និងកំពុងចាត់វិធានការតាមនីតិវិធី៕